ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរដ្ឋបាល រាជធានីភ្នំពេញនា ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ លោកប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរ រាជធានីភ្នំពេញបានកត់សម្គាល់ឃើញថា ឆ្កែរាប់សិបក្បាលត្រូវបានម្ចាស់របស់វាដឹក ឬបណ្តើរយកទៅជាមួយក្នុងពេលពួកគាត់ទៅកម្សាន្តឬហាត់ប្រាណនៅតាមសួន ច្បារនានាក្នុងរាជធានីភ្នំពេញ ដែលបង្កឲ្យ មានការជុះនោម លាមក និងបណ្តាលឲ្យមានភាពអាប់អួប៉ះពាល់បរិស្ថានមិនល្អ ។ ដោយសារហេតុផលបែបនេះអាជ្ញាធររាជ ធានីភ្នំពេញនឹងចាប់ផ្តើមមានវិធានការក្តៅ គឺតម្រូវឲ្យរៀបចំរថយន្ត ដើម្បីដើរប្រមូល ឬចាប់សត្វឆ្កែដែលទៅជុះនោម លាមក ដាក់ សួនច្បារចាប់ពីពេលនេះតទៅ ។
លោកអភិបាលរាជធានីបន្តថា កន្លង មកអាជ្ញាធររាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាហាមមិនឲ្យសត្វឆ្កែចូលជុះនោម ឬរត់លេងលើសួនច្បារ ដែលបង្កឲ្យ មានភាពអាប់អួ ឬបរិស្ថានមិនល្អសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានទៅហាត់ប្រាណជាដើម ប៉ុន្តែបម្រាមទាំង នោះហាក់មិនមានប្រសិទ្ធភាពសោះ គឺប្រជា ពលរដ្ឋនៅតែបន្តនាំសត្វឆ្កែមកជុះនោមដាក់លើសួនច្បារដដែល ។ ដូចនេះចាប់ពីពេលនេះតទៅអាជ្ញាធរត្រូវតែមានវិធានការ ហើយ គឺត្រូវរៀបចំរថយន្តដើម្បីដើរប្រមូល ឬចាប់សត្វឆ្កែដែលទៅជុះនោមដាក់សួន ច្បារសាធារណៈដោយមិនមានការលើកលែងទៀតទេ ។ សម្រាប់សួនច្បារវិមាន ឯករាជ្យអាជ្ញាធរខណ្ឌចំការមនត្រូវធ្វើឲ្យបានមិនឲ្យមានការដឹកឆ្កែឡើងសួនច្បារទៀតទេ ដោយសួនច្បារធ្វើអស់លុយច្រើន ណាស់ គឺសម្រាប់ឲ្យប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ-អន្តរជាតិដើរលំហែកាយ និង ហាត់ប្រាណមិនមែនធ្វើឲ្យសត្វឆ្កែហាត់ប្រាណ និងជុះនោមដាក់នោះទេ ។
លោកប៉ា សុជាតិវង្ស បន្តទៀតថា ចំពោះ ការលក់ដូរនៅតំបន់សួនច្បារនាគបាញ់ទឹកដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និង បញ្ហាកកស្ទះចរាចរណ៍ ដោយសារអ្នកទិញចតយានយន្តពេញផ្លូវនោះ អាជ្ញាធរខណ្ឌចំការមនត្រូវតែមានវិធានការ និងរៀបចំឲ្យបានល្អចាប់ពីពេលនេះតទៅផងដែរ ។
ទាក់ទិនបញ្ហានេះ លោក មាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរ រាជធានីភ្នំពេញបានសង្កេតឃើញមានប្រជា ពលរដ្ឋមួយចំនួនតូចបានបណ្តើរសត្វឆ្កែដែលខ្លួនចិញ្ចឹមឲ្យទៅជុះនោមលើសួនច្បារដ៏ស្រស់ស្អាត ដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានី ភ្នំពេញបង្កឲ្យមានក្លិនស្អុយ ឆ្អេះឆ្អាបប៉ះ ពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ សោភណ ភាពទីក្រុង និងបង្ហាញពីកង្វះខាតការយល់ដឹងក្នុងការចូលរួមសម្អាតទីក្រុង ។ សម្រាប់ វិធានការជំហានដំបូង រដ្ឋបាលរាជធានី ភ្នំពេញបានតម្រូវឲ្យសន្តិសុខដែលប្រចាំការនៅគោលដៅតាមសួនច្បារត្រូវមានការ អប់រំណែនាំឲ្យបញ្ឈប់ដឹកឆ្កែឲ្យទៅជុះនោមលើសួនបន្តទៀត និងមានការដាក់ស្លាក បម្រាមដឹកឆ្កែនៅលើសួន ហើយសម្រាប់ ជំហាន បន្ទាប់នឹងមានការផាកពិន័យតែម្តង៕ ប្រាថ្នា