ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការរងកងទ័ពជើងគោកបានថ្លែង អំពាវនាវដល់ នាយទាហាន នាយ ទាហាន រង ពលទាហានទាំងអស់ កុំមានគំនិត អន្តរជាតិនិយម ត្រូវមានគំនិតជាតិនិយម ត្រូវប្រើប្រាស់សម្ភាររបស់ជាតិ ដើម្បីជា អត្តសញ្ញាណរបស់កងទ័ព និងជាចក្ខុវិស័យនៅក្នុងកំណែទម្រង់កងទ័ព គឺទាហានតែ មួយស្តង់ដារតែមួយ ។
ជាការកត់សម្គាល់នៅពេលនេះ សម្រាប់ កងកម្លាំងយោធារបស់ជាតិ គឺមានឯក សណ្ឋានរបស់ជាតិត្រូវបានចែកជូនសម្រាប់ ស្លៀកពាក់ តែគេនៅសង្កេតឃើញថា ថ្នាក់ដឹកនាំ និងមន្រ្តីយោធាជាច្រើនបន្ត ស្លៀកពាក់ឯកសណ្ឋាន បរទេសនៅឡើយ ដូចជារបស់អាមេរិក ឥណ្ឌូនេស៊ី និងចិនជា ដើម ។ មន្រ្តីយោធាជាន់ខ្ពស់មួយរូបធ្លាប់ បានលើកឡើងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចង់ឃើញមន្រ្តីយោធារបស់ ខ្មែរ ស្លៀកពាក់ឯកសណ្ឋានរបស់ជាតិ ដែលបានផ្តល់ជូន ប៉ុន្តែការចង់បាននេះ មិនទាន់ទទួលបានប្រសិទ្ធភាពពេញលេញនៅឡើយទេ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងកាលពីថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៧ ក្នុងខណៈ ដែលលោកបានអញ្ជើញជួបសំណេះ សំណាលជាមួយនាយទាហាន នាយ ទាហានរង និងពលទាហាន និស្សិត នាយ ទាហានសកម្មនៅសាលានាយ ទាហាន សកម្មត្មាតពងក្នុងខេត្តកំពង់ស្ពឺ ។
នៅចំពោះមុខមន្រ្តីយោធាទាំងនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិផងដែរ ។ លោកបានថ្លែង ថា ជីវិតជាកងកម្លាំងប្រដាប់អាវុធត្រូវធ្វើ ការ និងត្រៀមប្រចាំការជាប់ជានិច្ចដើម្បីការពារ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់ពេល។ ជាក់ស្តែងនៅក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះកងកម្លាំងប្រដាប់អាវុធ មិនបានឈប់សម្រាកទេ គឺនៅធ្វើការនិងប្រចាំការជាប់ជានិច្ច ដើម្បីបង្ក ឱកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។
លោកបន្តថា ការផ្គត់ផ្គង់របបផ្សេងៗ របស់រាជរដ្ឋាភិបាលគួបផ្សំ នឹងការខិតខំច្នៃប្រឌិតរបស់ប្រធានអង្គភាព ដើម្បីការ ហូបចុកការស្នាក់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន គឺដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការហ្វឹក ហ្វឺននៅក្នុងវិស័យការពារជាតិប្រកប ដោយមោទនភាព ។ ការចូលរួមប្រកប ដោយទឹកចិត្ត និងឆន្ទៈរបស់យោធាចារ្យ នាយទាហាន ក្នុងការបណ្តុះបណ្តាល សមត្ថភាពជំនាញ សីលធម៌គុណធម៌ដល់ នាយទាហានសកម្ម ដែលបានធ្វើឱ្យមាន ការកោតសរសើរនិងមិនចាញ់កងទ័ពរបស់អាមេរិកឡើយ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងមានមោទនភាពនូវអ្វីដដែលជាការខិតខំ ដោយលំបាកព្រោះថា ការលំបាកបានធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯងបង្កើតនូវផ្នត់គំនិតនិងទម្លាប់ល្អនិងភាពរឹងមាំ សម្រាប់នាយទាហានដែលការខិតខំ និង ការចូលរួមរបស់នាយទាហានសកម្ម ដែល បានទទួលស្នាដៃជាច្រើន គឺជាតម្លៃនិងការ កោតសរសើរ ពីសំណាក់មហាជនទូទៅដែលធ្វើឱ្យកងទ័ពនៅកៀកនឹងប្រជាជន ។ នាយ ទាហាន គឺជាឆ្អឹងខ្នងរបស់កងទ័ព ពលទា ហាន គឺជាអ្នកអនុវត្តដើម្បីធានានូវការដឹកនាំការកសាងសមត្ថភាពនិងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយការទទួលខុស ត្រូវ បីដូចជារថក្រោះមួយមិនអាចទៅមុខបានទេ បើគ្មាននាយទាហាន ពលទាហាន ទៅបញ្ជាប្រកបដោយឆន្ទៈនិងសតិអារម្មណ៍ក្នុងការដឹកនាំនោះទេ ។
លោកបានប្រាប់ទៅ នាយទាហានត្រូវដឹងច្បាស់និងគោរពច្បាប់ បទដ្ឋានទម្លាប់ របស់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមបំពេញភារកិច្ចទៅតាមអង្គភាពផ្សេងៗឲ្យ ក្លាយជាស្តង់ដារតែមួយរបស់នាយទាហានសកម្ម ដែលនេះគឺជាភាពខុសគ្នារវាង ស្ថាប័នកងទ័ព និងស្ថាប័នស៊ីវិល ។ មេ បញ្ជាការរងកងទ័ពជើងគោករូបនេះបាន បន្តថា ពេលបញ្ចប់ការសិក្សានៅសាលា ត្រូវបង្កើនអំពើល្អនិងផ្សព្វផ្សាយអំពើល្អឱ្យ គេស្គាល់នូវតម្លៃនិងសមត្ថភាពរបស់កងទ័ពដើម្បីបម្រើជាតិនិងប្រជាជន។ នាយទាហានត្រូវទទួលខុសត្រូវលើខ្លួនឯងប្រឹង ប្រែងដោះស្រាយឱ្យអស់លទ្ធភាព មាន គំនិតច្នៃប្រឌិតមិនត្រូវគិតតែចំណុចអវិជ្ជមាន មានភាពក្លាហានត្រូវមានអត្តចរិតល្អ មានគុណធម៌ សីលធម៌ ក្នុងបំពេញតួនាទី ភារកិច្ច ៕ សុខដុម