ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៩៥ភាគរយព្រួយបារម្ភចំពោះបន្លែប្រើជាតិគីមីនៅតាមទីផ្សារ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអង្គការ អីុកូ (ICCO) ប្រចាំនៅកម្ពុជាបានឲ្យដឹងថា បញ្ហាបន្លែ សុវត្ថិភាព គឺជាកង្វល់ដ៏ធំមួយរបស់អ្នកប្រើប្រាស់ ក្នុងនោះមានប្រជាជនកម្ពុជាប្រមាណជា៩៥ភាគរយបានបង្ហាញនូវការព្រួយបារម្ភ អំពីកម្រិតជាតិគីមីនៅក្នុងបន្លែរាប់ទាំង បណ្តាបន្លែដែលផលិតនៅក្នុងស្រុក និង បន្លែនាំចូលពីប្រទេសជិតខាង ។

នេះជាការលើកឡើងរបស់លោក លាង សេងហ៊ន តំណាងអង្គការសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍ (ICCO) នៅកម្ពុជាក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីការលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅ ក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ាវី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។

លោក លាង សេងហ៊នបន្តថា បញ្ហាបន្លែ សុវត្ថិភាព គឺជាកង្វល់ដ៏ធំមួយរបស់អ្នកប្រើប្រាស់ ក៏ដូចជារាជរដ្ឋាភិបាល បណ្តាអង្គ ការជាតិ អន្តរជាតិ និងស្ថាប័នឯកជននានា នៅកម្ពុជា ក្នុងនោះតាមការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍ ICCO) បានបង្ហាញថា មានចំនួននៃអ្នកប្រើប្រាស់៩៥ភាគរយ កំពុងព្រួយបារម្ភអំពីកម្រិតជាតិគីមីនៅក្នុងបន្លែរាប់ទាំងបណ្តាបន្លែដែលផលិតនៅក្នុងស្រុកនិងបន្លែនាំចូលពីប្រទេសជាតិខាង ។

លោក ហ៊ាន វណ្ណហ៊ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះពិនិត្យអំពីបន្លែសុវត្ថិភាព ឬសារធាតុគីមីផ្សេងៗ គឺជាដែនសមត្ថកិច្ចរបស់កាំកុងត្រូលសម្រាប់ការចុះ ត្រួតពិនិត្យ ប៉ុន្តែមកដល់ពេលនេះលោក ពុំទាន់បានឃើញថា នៅក្នុងប្រទេសយើង មានតួលេខឬរបាយការណ៍ណាមួយយកមកប្រើប្រាស់បាននៅឡើយ ។ ប៉ុន្តែនៅ ប៉ុន្មានឆ្នាំចុង ក្រោយនេះយើងសង្កេតឃើញសមត្ថកិច្ចកាំកុងត្រូលបាននិងកំពុងបន្តចុះត្រួតពិនិត្យបញ្ហាបន្លែ ផ្លែឈើ នៅតាមទីផ្សារ ជាបណ្តើរៗហើយ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីអំពីការលើកកម្ពស់បន្លែសុវត្ថិភាពនេះ តាម របាយការណ៍អង្គការស្បៀងអាហារពិភព លោក និងកសិកម្មនៃអង្គការសហប្រជា ជាតិ ក៏បានបង្ហាញបរិមាណបន្លែ ដែល កំពុងផ្គត់ផ្គង់ប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា គឺមានចំនួន០.៩លានតោន ក្នុងនោះ សម្រាប់បរិមាណបន្លែដែលផ្គត់ផ្គង់ក្នុង ស្រុកមានត្រឹមតែ៤៤ភាគរយប៉ុណ្ណោះ គ្រា ដែលការនាំចូលរហូតដល់៥៦ភាគរយ ។ ចំណែកការសិក្សា ដោយឡែកមួយទៀត បង្ហាញឲ្យដឹងថា បរិមាណបន្លែដែលកំពុងផ្គត់ផ្គង់មកពីបណ្តាប្រទេសជិតខាងមកកាន់រាជធានីភ្នំពេញ មានរហូតដល់២០០ទៅ ៣០០តោន ក្នុងមួយខែៗ ៕ សហការី


ចែករំលែក៖