ព័ត៌មានទាន់ហេតុការណ៍៖

រិន សាវ៉េត ដឹកសពភរិយាទៅធ្វើបុណ្យនៅស្រុកកំណើតភរិយាឯខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ៖ ភរិយារបស់តារាចម្រៀង រិន សាវ៉េត ដែលមានជំងឺមហារីកសុដន់នោះ បានទទួកមរណភាពហើយកាលពីវេលាម៉ោង៣និង១០រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ សពរបស់ភរិយាតារាចម្រៀងរូបនេះ ត្រូវបានដឹកចេញពីមន្ទីរពេទ្យរុស្សីកាលពីល្ងាចថ្ងៃដដែលនេះ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ខ្មែរនាស្រុកកំណើតភរិយានាឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ដំណឹងមរណភាពរបស់ភរិយាលោក រិន សាវ៉េត បានធ្វើឲ្យសិល្បករជាច្រើនបង្ហាញនូវអារម្មណ៍ក្តុកក្តួលក្រៀមក្រំខ្លាំងជាមួយនឹងការផ្ញើសាររំលែកទុក្ខជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

លោក រិន សាវ៉េត បញ្ជាក់ថា លោកពិតជាពិបាកក្នុងការថ្លែងពីអារម្មណ៍ គ្រាដែលបាត់ភរិយាធ្លាប់ឱបនឹងទ្រូង។ លោកថា ភរិយាលោកឈ្មោះគង់ សាវី អាយុ៣៧ឆ្នាំ បានស្លាប់ក្រោយពីមិនអាចទ្រាំទ្រនឹងជំងឺមហារីកបានដែលដំណាក់កាលចុងក្រោយនេះបានរាលដល់ខួរក្បាលនិងសួតទៀតនោះ។

លោកថា ក្រុមគ្រួពេទ្យពិតជាបានជួយជ្រោមជ្រែង និងជួយភរិយាលោកអស់ពីលទ្ធភាព ប៉ុន្តែដំណាក់កាលធ្ងន់ទៅហើយ។ លោកនៅមិនទាន់ច្បាស់ពីកាលបរិច្ឆេទបូជាសព និងចំនួនថ្ងៃនៃការរៀបចំពិធីបុណ្យនៅឡើងយទេ ដោយរង់ចាំលោកអាចារ្យ និងចាស់ៗរកវេលាក្រោយពេលទៅដល់ស្រុកជាមុនសិន ។

មកទល់ម៉ោងនេះ ដំណឹងមរណភាពភរិយារបស់លោក រិន សាវ៉េត កំពុងធ្វើឲ្យមានការសង្វេគចិត្តយ៉ាងខ្លាំងពីអ្នកសិល្ប: និងអ្នកតាមដានពីជីវិតសិល្ប:នានា។ ភរិយាលោករិន សាវ៉េត ដែលរងនូវជំងឺមហារីកសុដន់កម្រិតធ្ងន់ធ្ងរបានព្យាបាលតាំងពីចុងឆ្នាំ២០១៦ ។

លោក រិន សាវ៉េត និងភរិយាបានបន្សល់ទុកនៅកូនប្រុសម្នាក់ដែលមានវ័យមិនទាន់បាន១០ឆ្នាំនោះទេ។

ដំណឹងនេះក៏សម្រាប់អំពាវនាវដល់សិល្បករមហាជនបានជ្រាបជាដំណឹងនិងចូលរួមរំលែកទុក្ខទាំងអសមគ្នាផងដែរ។

សម្រាប់សប្បុរសជន និងសិល្បករដែលមានបំណងចូលរួមពិធីបុណ្យសពខាលើអាចទំនាក់ទំនងទៅកាន់លេខទូរទស័ព្ទលោករិន សាវ៉េត ផ្ទាល់លេខ 016 75 75 58 និងលេខ 01156 60 37៕ វឌ្ឍនា


ចែករំលែក៖