ភ្នំពេញ៖ ទើបតែប្រកាសចំណងស្នេហ៍ប្តីក្មេងជាគ្រូផ្សំថ្នាំខ្មែរ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែង ស្វែង សុជាតាផ្ទុះចេញដំណឹងស្វាមីគំរាមអាករសម្លាប់។ ទោះជាយ៉ាងណា ប្តីចិត្តព្រៃផ្សៃនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅឡើយទេ។
ដំណឹងហួសចិត្តនឹងប្តីដែលគេស្គាល់ថា ធ្លាប់បួសសុំសីលលើភ្នំរាប់ឆ្នាំនេះ បានធ្វើឲ្យលេចចេញប្រតិកម្មខ្លាំងៗពីសំណាស់សិល្បៈ និងមហាជន ។ កន្លងមកស្វែងសុជាតាធ្លាប់ទម្លាយឲ្យដឹងដែរថា ស្វាមីនាងធ្លាប់ប្រើហិង្សាមកលើនាង ប៉ុន្តែដោយសារមិនចង់ឲ្យកូនស្រីក្រោយកំព្រាឪពុក និងធ្លាប់ជំពាក់ជីវិត ទើបនាងមិនហ៊ានប្រឆាំង និងរើបំរាស់ទាមទារសេរីភាព។ ទោះជាយ៉ាងណា ដំណឹងចុងក្រោយបានផ្ទុះឡើងមិនគួរឲ្យជឿគឺនាងរងទារុណកម្មយ៉ាងព្រៃផ្សៃដែលបង្កឡើងដោយប្តីក្មេង ឈ្មោះថោង សុខុម ឡើងផ្អើលអ្នកតាខ្មៅ។
នាងបញ្ជាក់ថា ប្ដីក្មេងបានរករឿងបង្កជម្លោះនៅរសៀលថ្ងៃទី២២ ខែមេសា គឺជាជម្លោះប៉ងសម្លាប់ដោយគេបានទាំងយកកាំបិតចង់អារ-កកូនស្រីរបស់ខ្លួនផង ប៉ុន្តែមិនបានសម្រេច ព្រោះតែអ្នកនាងស្រែកឲ្យគេជួយទាន់ ។ នាងលើកឡើងថា ស្វាមីបានយកពូថៅវាយកំទេចរបស់របរ និងប៉ងសម្លាប់អ្នកនាងក្នុងផ្ទះ ប៉ុន្តែដោយសារតែអ្នកនាងគេចផុតទើបចាប់កូនស្រីដែលស្រែកយំប៉ងអារ-កដើម្បីកុំឲ្យផ្អើលអ្នកជិតខាង ។
តារាជាប់ឈ្មោះសាច់កម្មរូបនេះបានថ្លែងថា នាងបានឈឺមុខរបួសដែលប្ដីវាយបែកថ្គាមយ៉ាងខ្លាំង និងរងការជេរ និងប្រមាថខ្លាំងដល់នាង ។ នាងលើកឡើងថាប្ដីក្មេងរូបនេះឲ្យតែឈ្លោះម្ដងៗគឺចង់វាយសម្លាប់អ្នកនាងតែម្ដង។
ដោយសារជម្លោះលើកចុងក្រោយនេះ គឺជាកាន់តែរីកធំមិនអាចទប់ជាប់ គឺនាងបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានរួចរាល់ហើយ ដើម្បីតាមចាប់ប្តីក្មេងដែរធ្វើទារុណកម្ម និងគម្រាមសម្លាប់នាង និងកូនស្រីនេះ។ ប៉ុន្តែប្តីនាងបានរត់គេចខ្លួនបាត់ទៅហើយ នាងក៏ស្នើឲ្យមត្ថកិច្ច មេត្តាជួយអន្តរាគមន៍ និងតាមស្វែងរកចាប់ខ្លួនស្វាមីនាងមកទទួលទោស និងមិនចង់រងការគំរាមសម្លាប់ទៅថ្ងៃក្រោយ។
គួរបញ្ជាក់ដែរថា ស្វែង សុជាតា ទទួលបាននូវស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារ ហើយនាងក៏ទទួលរងនូវទារុណកម្ម និងការបាញ់ប្រហារពីសំណាក់អតីតគូស្នេហ៍ផងដែរកាលពីកន្លងទៅ ៕ វឌ្ឍនា