ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យឆ្លងចេត្រ នៅវត្តប្រាសាទគោកចកក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ពិធីបុណ្យចូលឆ្នាំថ្មី បានកន្លងផុតទៅក៏ពិតមែន តែនៅតាមទីវត្តអារាម និង ភូមិឃុំមួយចំនួននៅខេត្តសៀមរាប ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប បានទាក់ទាញដល់អារម្មណ៍នៃភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត បានរៀបចំធ្វើពិធីបុណ្យភូមិ ឬ ក៏ពិធីបុណ្យឆ្លងចែត្រ ដែលបងប្អូនប្រជាពុទ្ធបរិស័ទ និង ព្រះសង្ឃបានប្រារព្ធ ប្រណិប័តន៍តាំងពីសម័យដើមតរៀងមកដល់បច្ចុប្បន្ននេះ ។

ជាក់ស្តែងនៅថ្ងៃ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃ អាទិត្យ ទី ២៣ ខែមេសា ឆ្នាំ២០១៧ នៅទីវត្តប្រាសាទគោកចក សង្កាត់ គោកចក ក្រុងខេត្តសៀមរាប បានធ្វើពិធីបុណ្យឆ្លងចេត្រ ឬ ពិធីស្រង់ព្រះ ដល់ព្រះរូបដិមាករ ដែលព្រះសង្ឃ និងពុទ្ធបរិស័ទតែងតែគោរពប្រណិប័តន៍នៅក្នុងទីវត្តអារាម ។

នៅក្នុងពិធីបុណ្យឆ្លងចេត្រនេះដែរ សង្កេតឃើញក្រុមគណៈកម្មការពិធីបុណ្យ បានរៀបចំនូវកម្មវិធី លេងល្បែងប្រជាប្រិយ ដើមី្បភាពសប្បាយរីករាយ កំដរពិធីបុណ្យ ដោយមានបងប្អូនប្រជាពុទ្ធបរិស័ទ និងយុវជន កុមារា កុមារី រួមទាំងមានភ្ញៀវទេសចរណ៍ចូលរួមយ៉ាងសប្បាយរីករាយក្រៃលែងផងដែរ ។

ក្នុងពីធីឆ្លងចេត្រ ឬ ពិធីស្រង់ព្រះនេះ សង្កេតឃើញលោកគ្រូអាចារ្យ បានធ្វើកម្មវិធីទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ទៅតាមលំដាប់លំដោយ ដែលកម្មវិធីបានព្រៀងទុក ។ បន្ទាប់មកតាអាចារ្យបានធ្វើកិច្ចពិធីបួងសួង និងសូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់ វិស័យនាឆ្នាំថ្មីនេះ ។

បន្ទាប់ពីពិធីបួងសួងសុំនូវសេចក្តីសុខចំរើន ដល់បងប្អូនប្រជាពុទ្ធបរិស័ទ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួចមក ព្រះសង្ឃបានសូត្រមន្ត ប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក មានសង្ឃដីកានោះដែរ ព្រះគ្រូ ហែម គឹមសាន ចៅអធិការវត្ត ប្រាសាទគោកចកបានគូសបញ្ជាក់ថា ពិធីបុណ្យស្រង់ព្រះ ឬ ឆ្លងចេត្រនេះ គឺមានតាំងពីបុរាណកាលដ៏យូរលង់មកហើយ ដែលបងប្អូនប្រជាពុទ្ធបរិស័ទគោរព ប្រណិប័តន៍តរៀងមក ។

និយាយដោយឡែក នៅតាមទីវត្តអារាម នៅខេត្តសៀមរាប មានវត្តមួយចំនួន ក៏មិនបានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ឬ ស្រង់ព្រះនេះទេ ។ ម៉្យាងទៀត ពិធីបុណ្យ នេះក៏បានធ្វើនៅតាមបណ្តាភូមិ ឃុំ ទៅតាមការឯកច្ឆ័នគ្នារបស់ប្រជាពុទ្ធបរិស័ទ ។ ពិធីបុណ្យឆ្លងចេត្រ ឬ ស្រង់ព្រះនេះ គឺតែងប្រារព្វធ្វើទៅនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយក៏មិនឲ្យឆ្លងផុតខែចេត្រផងដែរ ។

ព្រះអង្គក៏បានមាន ពុទ្ធដីកាបញ្ជាក់យ៉ាងដូច្នេះថា ពិធីបុណ្យស្រង់ព្រះនេះ ក្នុងន័យដើមី្បដុសលាងសម្អាតនូវរូបដិមាករ ដែល ព្រះសង្ឃ ពុទ្ធបរិស័ទ បានតំកល់ទុកនៅក្នុងទីវត្ត សម្រាប់ជាទីសក្ការៈបូជា ហើយបានប្រឡាក់នូវធូលី ផ្សែងធូប និង វត្ថុ ផ្សេងៗ ធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពរូបដិមាករ ហើយនឹងនាំយកទៅដាក់នៅទីកន្លែងដើមវិញ ដោយក្នុងមួយឆ្នាំ ដុសលាងសម្អាតបានតែមួយដង ។

ម៉្យាងទៀតការស្រង់ព្រះនេះ ក៏ជាការដុសលាងសម្អាតនូវព្រះកាយ ក៏ដូច ជាចិត្តគំនិត និង ឧបទ្រុបចង្រៃឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី សម្រាប់បងប្អូនពុទ្ធបរិស័ទគ្រប់រូប និង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គ ដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ ។

ព្រះអង្គបានលើកឡើងថា ពិធីនេះជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ស្ថិតក្រោមដំបូលសន្តិភាពតែមួយ នៃស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាឈ្វេងយល់នូវភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហានគរ ក៏ជាការបំផុសនូវឆន្ទៈមនសិការរបស់យុវជនខ្មែរ បន្តថែរក្សាមរតកវប្បធម៌ខ្មែរឲ្យបានគង់វង្សតទៅអនាគត ។

ម៉្យាង ទៀតក៏បានផ្សព្វផ្សាយ និង លើកកម្កើង ពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ផូរផង់ របស់ប្រជាពលរដ្ឋខ្មែរជូនដល់ភ្ញៀវទេសចរណ៍អន្តរជាតិ បានឈ្វេងយល់ និងដើមី្បពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោកទៀតផង ៕ ប៊ុន រិទ្ធី


ចែករំលែក៖