ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុករះម៉ូតូ និងរ៉ឺម៉ក់បណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅក្បែររង្វង់មូលសម្ដេចសង្ឃរាជ ជួនណាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែន បានបើកប្រដេញគ្នាជាមួយរថយន្តព្រូស ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង រួចហើយរថយន្តនៅមិនទាន់អស់ល្បឿនបានផ្លោងទៅបុករ៉ឺម៉កកង់បី ដែលចតស្ងៀមបណ្ដាលឲ្យក្រឡាប់ឡើងផ្ងារជើងយ៉ាងច្រងាង នៅត្រង់ចំណុចជាប់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។

បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2U.1295 ដែលបើបរដោយនារីម្នាក់ រួមដំណើរដោយនារីពីរនាក់ទៀតក្នុងរថយន្ត បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនរួមទាំងមានការប្រដេញគ្នាជាមួយរថយន្តព្រូសមួយគ្រឿងទៀត មិនចាំស្លាកលេខផងដែរ ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលនឹងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែង រួចហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានផ្លោងទៅបុករ៉ឺម៉កកង់បីដែលចតស្ងៀមចាំដឹកម៉ូយ បណ្ដាលឲ្យក្រឡាប់ឡើងផ្ងារជើងយ៉ាងច្រងាង ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកំណត់ហេតុ និងទំនាក់ទំនងទៅសាច់ញាតិប្រគល់សពជនរងគ្រោះឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តបង្ក និងម៉ូតូ រួមទាំងរ៉ឺម៉ក់ម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖