ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានខ្យល់កន្រ្តាក់លាយឡំនឹងភ្លៀងតិចៗ បានបោកបក់មកលើផ្ទះរបស់ប្រជាពលរដ្ឋចំនួនពីរស្រុកគឺស្រុកពួក និងស្រុកអង្គរជុំ បណ្តាលឱ្យរងការខូចខាតជាច្រើនខ្នង និងរងរបួសមនុស្សជាច្រើននាក់ទៀតផង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅស្រុកអង្គរជុំ ក្នុងឃុំនគរភាស ប៉ះពាល់ចំនួន៧ភូមិ មានភូមិនគរភាស១, ភូមិនគរភាស២, ភូមិកុក ,ភូមិទន្លេស, ភូមិពង្រ, ភូមិល្បើក, និងភូមិសំបួរ សរុបការខូចខាតផ្ទះទាំងអស់៦៣ខ្នង ដួលរលំ ប្រាំខ្នង របើកសំយ៉ាប ២២ខ្នង និងរបើកដំបូល៣៦ខ្នង ឯស្រុកពួកវិញខ្យល់បក់បោកប៉ះពាល់លើឃុំចំនួនពីរ គឺឃុំសសរស្តម្ភ និងឃុំត្រីញ័របណ្តាលឲ្យខូចខាតរលំផ្ទះចំនួន៧ខ្នង ។ ដើមឈើរលំសង្កត់ផ្ទះមូយខ្នងប៉ើងដំបូលផ្ទះ៥០ខ្នង របួសមនុស្សប្រុស៣នាក់ ស្រីម្នាក់ ក្នុងនោះរន្ទះបាញ់មនុស្សម្នាក់ និងខូចខាតសម្ភារមួយចំនួន។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនអ្នករងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
មន្ត្រីនគរបាល ព្រមទាំងអាជ្ញធរមូលដ្ឋានបាននអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត និងគ្រោះមហន្តរាយ ដោយសារធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ គ្រប់ពេល និងបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សផង ៕ ប៊ុនរិទ្ធី