ខេត្តកំពត៖ ជនពាក់ព័ន្ធថ្នាំញៀនចំនួន៦នាក់ត្រូវបាកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា ក្រោមការសម្របសម្រួលពីមន្រ្តីតុលាការ។
បើតាមមន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់នៅកន្លែងផ្សេងគ្នា ដោយដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅភូមិសុវណ្ណសាគ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ លី តៅហ៊ួរ ហៅចាន់ចាវ ភេទប្រុស អាយុ២៣ឆ្នាំ ជាមុខសញ្ញាចែកចាយថ្នាំញៀន ដោយដកហូតបានថ្នាំញៀន១កញ្ចប់ផង។ លុះមកដល់រសៀលថ្ងៃដដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ទៀតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង-ខេត្តកំពត។ ជនសង្ស័យជាប្តីត្រូវបានឃាត់ខ្លួនឈ្មោះ ជា ចាន់ដារ៉ា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត អតីតជាមន្រ្តីសមត្ថកិច្ចមួយរូបដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌរយៈពេលជិត១ឆ្នាំមកហើយ និងប្រពន្ធឈ្មោះ អន អាណា អាយុ៣០ឆ្នាំ មានទីលំនៅជាមួយគ្នា និងមានស្រុកកំណើតភូមិកំពង់ឃ្លាំង ស្រុកសូនិគម ខេត្តសៀមរាប។ ជាមួយការឃាត់ខ្លួមប្តីប្រពន្ធនេះ សមត្ថកិច្ចបានដកហូត និងរកឃើញឯកសណ្ឋានសមត្ថកិច្ច២កំប្លេរ និងសម្ភារពាក់ព័ន្ធនឹងរបស់សមត្ថកិច្ចមួយចំនួន ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន និងថ្នាំញៀន១កញ្ចប់ផង។
មន្រ្តីខាងលើបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោងជាង៦ល្ងាច ថ្ងៃទី២៤ដដែលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនពាកព័ន្ធថ្នាំញៀន៣នាក់ទៀត នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដោយដកហូតថ្នាំញៀនបាន១៩កញ្ចប់ធំតូច។
បើតាមលោកវរសេនីយ៍ទោ លប ញៀវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ស៊ូន កសល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុង-ខេត្តកែប បច្ចុប្បន្នស្នាក់នៅ កន្លែងបន្ទប់ជួល កើតហេតុខាងលើ ទី២-ឈ្មោះ យ៉ែម សុរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ក្នុងបន្ទប់ជួលជាមួយគ្នា និងទី៣-ឈ្មោះ ឈឹម យាន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលជាមួយគ្នា។ ក្នុងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់ ក្នុងនោះធំ១កញ្ចប់។ ជនសង្ស័យទាំង៦នាក់ក្រោយឃាត់ខ្លួន ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ សហការី