ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបតាមឆ្នេរសមុទ្រត្រូវនគរបាលព័ទ្ធចាប់បាន២នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការ​នគរបាលក្រុង​ព្រះសីហនុបាន​ឲ្យដឹង​ថា៖ នៅ វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៧​ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត ព្រះសីហនុ រួមជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានសហការគ្នាព័ទ្ធចាប់ មុខសញ្ញាឆក់សម្ភារភ្ញៀវទេសចរណ៍ បានចំនួន២​នាក់ នៅតំបន់ឆ្នេរអូរត្រេះស្ថិតក្នុងភូមិ ២ សង្កាត់លេខ៤​ក្រុង ព្រះសីហនុ ដែលពួកគេបានធ្វើសកម្មភាពឆក់យកកាបូប របស់ភ្ញៀវទេសច ណ៍ជាជនជាតិបរទេស ទុកនៅលើឆ្នេរខ្សាច់ ហើយចុះមុជទឹកសមុទ្រ ។

លោកអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះ៖ ១,ឈ្មោះ ​វ៉ាន់ រស់ ភេទ​ប្រុស អាយុ​ ១៦ឆ្នាំ​ មុខរបរ និងទីលំនៅមិនពិតប្រាកដ ជាអ្នកឆក់យក មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ (កូនកំព្រា) និង ២, ឈ្មោះ ពៅ ប៊ុនហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបឹងវែង ឃំុវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ​​ ។

ប្រភពបន្តថា ឈ្មោះ ពៅ ប៊ុនហួត បានឆ្លើយសារភាពថា កន្លង​មកធ្លាប់ធ្វើសកម្មភាពឆក់យកសម្ភារ របស់ភ្ញៀវជនបរទេស នៅឆ្នេរអូរត្រេះជាញឹកញាប់ ​ហើយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៦ រូបគេ ជាមួយ ឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល២០ឆ្នាំ បានធ្វើសកម្មភាពឆក់បានសម្រេច ម្តងហើយដែរ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាពេលនេះ ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យកបានមាន ៖ កាបូបស្ពាយពណ៌ខ្មៅ១ ស្រោមដាក់កាមេរ៉ាថតរូបពណ៌ខ្មៅ១, ម៉ាស៊ីនថតរូប ម៉ាក Nikon មួយគ្រឿង(ផលចោរកម្ម) និង ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ គ្នានស្លាកលេខ មួយគ្រឿង មធ្យោបាយជិះ ធ្វើសកម្មភាពនាពេលកន្លងមក ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងអធិការនគរបាលក្រុងព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុដើម្បីសាកសួរបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖