ខេត្តព្រះសីហនុ៖ បុរសញៀនថ្នាំម្នាក់ នាព្រឹកព្រលឹម២៥ ខែមេសា បានធ្វើអត្តឃាត ដោយចងករសម្លាប់ខ្លួននៅក្រោមជណ្តើរឡើងដំតំបូលផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យ។
ជុំវិញការចងកសម្លាប់ខ្លួននេះ ឪពុកម្តាយបុរសរងគ្រោះ បានរៀបរាប់ថា កូនរបស់ញៀនថ្នាំជាច្រើនឆ្នាំហើយរហូតមានសតិមិនប្រក្រតី បើទោះជាគាត់ខិតខំអប់រំ ប្រៀនប្រដៅ មិនត្រឹមតែប៉ុណ្ណោះ គាត់បានយកដាក់នៅបណ្ឌលកែប្រែខេត្តបន្ទាយមានជ័យចំនួន០២ដង និងចុងក្រោយបានយកទៅដាក់នៅមណ្ឌលកែប្រែក្រុងព្រះសីហនុ តែខាងមណ្ឌលលែងទទួល ព្រោះអាការៈញៀនថ្នាំ មានសភាពធ្ងន់ទៅហើយ។
ប្រភពបន្តថា កូនប្រុសរបស់គាត់ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួននោះ មានឈ្មោះ យិល ខេង ភេទ ប្រុស អាយុ៤២ ពុំទាន់មានប្រពន្ឋកូននោះទេ ។ នៅថ្ងៃកើតហេតុ វេលាម៉ោងជាង៥ទៀបភ្លឺ កូនរបស់គាត់បានដេកក្នុងបន្ទប់ ឯគាត់ទាំងពីរនាក់ប្តីប្រពន្ឋបានចុះមករៀបចំឥវ៉ាន់លក់នៅជាន់ផ្ទាល់ដី រហូតម៉ោង៦ព្រឹក ទើបប្រទះឃើញកូនចងកនៅក្រោមជណ្តើរជាមួយខ្សែភ្លើង ឃើញដូចនោះ គាត់បានស្ទុះទៅកាត់ខ្សែភ្លើង ក្នុងបំណងជួយសង្គ្រោះ តែអ្វីៗបានហួសពេលអស់ទៅហើយ។
ក្រោយការពិនិត្យរបស់សមត្ថកិច្ចររួច សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅឯវត្ត ព្រោះតែផ្ទះមានសភាពតូចចង្អៀត។
សូមបញ្ជាក់ផងដែរថា នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បើទោះជាការបង្ក្រាបគ្រឿងញៀនមានជាហូរហែយ៉ាងណាក្តី ក៏គេសង្កេតឃើញថា ករណីគ្រឿងញៀន ហាក់ពុំមានការថមថយដែរ គឺការចរាចរណ៍ថ្នាំញៀនទាំងនេះ នៅតែមានហូរហែ នៅតាមចំណុចគោលដៅមួយចំនួន ។
ដោយឡែក បើយោងតាមប្រភពពីមន្ត្រីពន្ធធនាគារបានបង្ហើបឲ្យដឹងថា បើគិតមកដល់ពេលនេះ ចំនួនអ្នកជាប់ពន្ធធនាគារបានកើនឡើងរហូតជិត៩០០នាក់ហើយ ខណៈទំហំពន្ធធនាគារអាចផ្ទុកចំនួនអ្នកជាប់ទោសត្រឹមតែ៥០០ទៅ៦០០នាក់តែប៉ុណ្ណោះ ហើយអ្នកជាប់ទោសទាំងនោះ ភាគច្រើន គឺទោសបទល្មើស សេព រក្សាទុក ចែកចាយថ្នាំញៀន ៕ ឆ្លាម សមុទ្រ