ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឃុំសន្រ្ទែ ឃុំរកាត ឃុំលាច និងឃុំសំរោង ស្រុកភ្នំក្រវាញ រាយការណ៍ថា ថ្មីៗនេះគេសង្កេតឃើញឈ្មួញឈើប្រភេទប្រណីតល្បីល្បាញម្នាក់ឈ្មោះ កូយ ម៉េងគង់ កំពុងមានសន្ទុះធ្វើសកម្មភាពយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនជំនួញឈើពីទ្រង់ទ្រាយធំល្មម ទៅទ្រង់ទ្រាយធំខ្លាំង បន្ទាប់ពីមានរឿងរ៉ាវរួចមក ដើម្បីប្រមូលយកទៅឡើងរថយន្តធុនធំ ប្រភេទបង្កប់(បែបដំឡូងមី ឬឥវ៉ាន់ពីលើឈើពីក្រោម) ដោយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមិនហ៊ានប៉ះពាល់នោះឡើយ ហើយគេសង្ស័យថា ជាប្រយោជន៍ធំ សម្រាប់សមត្ថកិច្ចជាប្រព័ន្ធ ។
ប្រភពខាងលើបន្តថា កាលពីប៉ុន្មានឆ្នាំមុន គេនៅចាំបានថា កូយ ម៉េងគង់ ហៅម៉េង ជាអ្នកជំនួញឈើប្រភេទប្រណីតធំល្មម ដូចគេ ដូចឯង តែក្រោយពីបុគ្គលនេះមានទំនាស់ក្នុងការប្រកួតប្រជែងក្នុងមុខរបរជំនួញឈើ ក៏បានប្តឹងផ្តល់គ្នារហូតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួន ហើយត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធបទល្មើសច្រើន ដូចជាជំនួញឈើប្រភេទប្រណីតផ្សេងៗ ប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងមនុស្សឃាតជាដើម ។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយពី កូយ ម៉េងគង់ ហៅម៉េង ចេញពីពន្ធនាគារ ខេត្តពោធិ៍សាត់ គេសង្កេតឃើញគាត់ផ្អាកធ្វើសកម្មភាពក្នុងមុខជំនួញនេះតែមួយរយៈប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក្តី មិនខុសអីពីពាក្យចាស់ពោលថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន ។
បន្តបន្ទាប់មកគេសង្កេតឃើញ កូយ ម៉េងគង់ ហៅម៉េង ចាប់ផ្ដើមបន្តប្រកបមុខរបរចាស់ដដែល ហើយទ្រង់ទ្រាយធំដូចសព្វថ្ងៃនេះ គាត់កំពុងមានសន្ទុះ និងមានប្រជាប្រិយភាពក្នុងការប្រមូលទិញឈើប្រភេទប្រណីត ធ្នង់ ដោយសារគាត់បោះលុយឲ្យប្រជាពលរដ្ឋទៅប្រមូលទិញ ឬអារច្រៀក នៅក្នុងព្រៃក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំឲ្យឱរ៉ាល់ ខេត្តពោធិ៍សាត់ ដឹកតាមរយៈរទេះគោ ឬក្របីយកមកចំណុចដូចជា ភូមិក្សេត្របុរី ឃុំសន្រ្ទែ ភូមិវាលវង់ ឃុំរកាត ភូមិវាល ឃុំសំរោង និងតំបន់ផ្សេងៗទៀតផងនោះ ទើប កូយ ម៉េងគង់ ហៅម៉េង និងកូនចៅទៅដឹកជញ្ជូនយកមករៀបចំដាក់បន្តនៅឃុំលាច ស្រុកភ្នំក្រវាញ ។ ប៉ុន្តែឥឡូវគាត់បានបង្វែទិសដៅទៅខាងព្រំប្រទល់ ស្រុកភ្នំក្រវាញ និងស្រុកបាកានវិញម្តង ខណៈនៅក្នុងស្រុកភ្នំក្រវាញល្បីល្បាញ និងបែករឿងរ៉ាវ នៅពេលកម្លាំងកងរាជអាវុធខេត្តកំពង់ស្ពឺ៖ ឃាត់ខ្លួនឈ្មោះ ឆម វាសនា ដៃជើងឈ្មួញឈើល្បីទូរទាំងឈ្មោះ សុី ស ហើយត្រូវមានវិធានការនៅស្រុកមួយនេះ ទើបគេបង្វែដើម្បីយកទៅដាក់បង្កបតាមរថយន្តធុនធំ(បែបដំឡូងមីពីលើឈើពីក្រោម)ដែលបញ្ហានេះមន្រ្តីជំនាញឬស្ថាប័នផ្សេងៗដឹងច្បាស់ តែមិនហ៊ានប៉ះ ព្រោះវាអាចជាប្រយោជន៍ធំសម្បើមសំរាប់សមត្ថកិច្ច ។ បញ្ហាខាងលើប្រភពសំណូមពរសុំឲ្យស្រាវជ្រាវជាបន្ទាន់ផងដែរ ។
ទោះជាយ៉ាងណាក្តី៖ ពាក់ព័ន្ធនឹងប្រភពរាយការណ៍ខាងលើ អ្នកសារព័ត៌មាន នគរវត្ត មិនអាចស្វែងរកសុំការពន្យល់បាននោះទេ ពីលោក កូយ ប៉េងគង់ ហៅម៉េង ជុំវិញការលើកឡើងនេះ៕ ប៉ឹម ពិន