ភ្នំពេញ៖ ដំណើរការនៃការធ្វើផ្លូវ និងលូថ្មីនៅតាមបណ្តាខណ្ឌផ្សេងៗនៅរាជធានីភ្នំពេញកាន់តែមានសន្ទុះខ្លាំងជាងមុន។ ទន្ទឹមនឹងពាក្យចចាមអារាមមួយចំនួនបានលេចឡើងអំពីការយកលុយពីការសាងសង់ផ្លូវនេះ បានធ្វើឲ្យអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនីបានបញ្ជាក់ថា មិនមានការបង់ថ្លៃណាមួយទេហើយសំណូមពរឲ្យប្រជាពលរដ្ឋសហការក្នុងការរាយការណ៍មកខណ្ឌ។
ការថ្លែងបែបនេះក្រោយពីលោក អភិបាលខណ្ឌមានជ័យបានធ្វើដំណើរទៅពិនិត្យការដ្ឋានស្ថាបនាលូ និងផ្លូវនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យកាលពីល្ងាចថ្ងៃទីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ។លោ គម្រោងខាងលើនេះគាំទ្រដោយសាលារាជធានីភ្នំពេញ ប្រវែងជាង៣,០០០ម៉ែត្រ បច្ចុប្បន្នកំពុងដំណើរការដាក់ប្រព័ន្ធលូបានប្រវែងជាង400ម៉ែត្រ ។ លោកបន្តថា នៅពេលមកដល់ទីតាំងផ្លូវក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារមកចោមរោមសាកសួរលើកនិង បានលើកឡើងថា តើផ្លូវនេះត្រូវអោយប្រជាជនចូលរួមថវិកាដែរឬទេ? លោក ពិតជាស្រឡាំងកាំងក្រោយពេលស្តាប់ឮពលរដ្ឋសួរនាំបែបនេះ ដែលលោកមិននឹកស្មានថា មានភាពមិនប្រក្រតីណាមួយកើតឡើងធ្វើអោយប៉ះពាល់អារម្មណ៍ពលរដ្ឋចំពោះការអនុវត្តគម្រោងនេះឡើយ ។
លោកក៏បានឆ្លៀតឱកាស នេះ ជម្រាបជូនដល់ពលរដ្ឋដែលមានលំនៅឋាននៅតាមដងផ្លូវខាងលើនេះមេត្តាជ្រាបថា ការស្ថាបនាផ្កូវ និងកសាងប្រព័ន្ធលូថ្មីនៅតាមដងផ្លូវខាងលើ ទាំងសាលារាជធានីភ្នំពេញ ទាំងសាលាខណ្ឌ និងទាំងសាលាសង្កាត់ មិនតម្រូវអោយលំនៅឋានពលរដ្ឋណាមួយចំណាយថវិកាឡើយ លើកលែងតែអនុវត្តកិច្ចការព្រមព្រៀង ណាមួយផ្ទុយពីលក្ខខណ្ឌនៃកិច្ចសន្យា និងគោលការណ៍កំណត់រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនអ្នកទទួលការនេះ ។ លោកបន្តថា រាល់កិច្ចព្រមព្រៀងថ្មីណាមួយដែលមានចរិកប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឬប៉ះពាល់នឹងដែនសមត្ថកិច្ចនៃការអនុវត្តនៃកិច្ចសន្យាមួយផ្សេងទៀត អ្នកដែលមានបំណងបង្កើតនូវកិច្ចព្រមព្រៀងថ្មីនោះ ត្រូវតែជូនដំណឹងមកអាជ្ញាធរមូលដ្ឋានជ្រាប និងត្រូវធ្វើសំណើសុំគោលការណ៍ឯកភាពលើកិច្ចសន្យាជាមុនសិន បើពុំនោះទេត្រូវចាត់ទុកថា ជាអំពើខុសច្បាប់ បើទោះកិច្ចព្រមព្រៀងនោះកើតឡើងដោយផ្ទាល់មាត់ ឬដោយលិខិតលាយលក្ខណ៍អក្សរបែបក៏ដោយ ។
ជាមួយនឹងបាតុភាពខាងលើនេះ លោកក៏សូមសំណូមពរដល់ពលរដ្ឋគ្រប់រូប ដែលមានបំណងចូលរួមដោះស្រាយបញ្ហាប្រឈមដែលបាននិងកំពុងមានក្នុងមូលដ្ឋានដែលបងប្អូនកំពុងរស់នៅ ឬបញ្ហាសតិអារម្មណ៍ផ្ទាល់ខ្លួនរបស់បងប្អូន សូមយកបញ្ហាទាំងនោះមកជូនអាជ្ញាធរមូលដ្ឋានរបស់បងប្អូនផ្ទាល់ជាមុនសិន ជៀសវាងការបញ្ចេញកំហឹងរបស់បងប្អូនជាមួយមជ្ឈដ្ឋានអ្នកនយោយប្រជាភិថុតមួយចំនួន ឬតាមមធ្យោបាយផ្សេងៗ ដែលនាំអោយប៉ះពាល់ដល់កិត្តិយស វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូតរបស់អាជ្ញាធរ ពីព្រោះថា បញ្ហាខ្លះអាជ្ញាធរ មិនបានជ្រាបគ្រប់ជ្រុងជ្រោយនោះទេ ជាក់ស្តែងដូចបញ្ហាកើតឡើងខាងលើនេះ អាជ្ញាធរ មិនបានជ្រាបនោះទេ ។ ជាមួយគ្នានេះលោកក៏រងចាំឆ្លើយតបរាល់ចម្ងល់ និងសំណូមពរពលរដ្ឋជានិច្ច តាមរយៈ Page Facebook របស់លោកអភិបាលខណ្ឌផ្ទាល់ ឬតាមទូរស័ព្ទលេខ 012330036 ៕ ហេង សូរិយា