ព័ត៌មានទាន់ហេតុការណ៍៖

សង្សារនឹងគ្នាយូរហើយ ខណៈទៅលេងដល់បន្ទប់ជួល ស្រវឹងស្រាចាប់នាងបង្ខំរំលោភសម្រេច១លើក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ ណ ស ទ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ខុន ផាណែត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវ:លើរូបនាងបានសម្រេចចំនួន០១លើក ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលមកលេងនៅបន្ទប់របស់នាង។

ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះ លោវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនបានហើយនោះ ជនសង្ស័យត្រូវបានយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសជួញដូរមនុស្សបានមានប្រសាសន៍ឲ្យដឹងថា បើតាមការសួរចម្លើយរួចមក ជនសង្ស័យ ឈ្មោះខុន ផាណែត បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់បង្ខំ ឈ្មោះ ណ.ស.ទ រួមភេទរហូតបានសម្រេចចំនួន០១ដងពិតប្រាកដមែន ដោយខ្លួនជាសង្សារនឹងគ្នាយូរមកហើយ ហើយពេលដែលខ្លួនប្រព្រឹត្តនោះក្នុងពេលស្រវឹងស្រាផងដែរ។

លោកវរសេនីយ៍ឯក បោន ប៊ិន បានមានប្រសាសន៍បន្ថែមទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេតឃើញថា ចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ គឺបង្ហាញពីតម្រុយនៃបទល្មើសជាក់លាក់ បច្ចុប្បន្នកម្លាំងអាវុធហត្ថជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីទទួលចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា


ចែករំលែក៖