ខេត្តបាត់ដំបង៖ ខ្យល់កន្រ្តាក់លាយឡំជាមួយនឹងភ្លៀងផ្គររន្ទះបានបក់បោកប៉ះចំខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ស្រុក រងការខូចខាតយ៉ាងដំណំ ។ ស្រុកទាំង៣ដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមានស្រុកមោងប្ញស្សី ស្រុកបាណន់ និងស្រុកគាស់ ក្រឡ ក្នុងនោះបង្កឱ្យប្រជាពលរដ្ឋរងគ្រោះសរុប៨៧គ្រួសារស្មើនឹងផ្ទះ៨៧ខ្នង ។ ផ្ទះខ្លះត្រូវបានដួលរលំទាំងស្រុង ផ្ទះមួយចំនួនទៀតរបើកដំបូល របើកជញ្ជាំង និងធ្លាក់ពីលើជើងតាង ជាដើម ។
បើយោងតាមសេចក្តីរាយការណ៍ពីមន្រ្តីនៃលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តបាត់ដំង និងអាជ្ញាធរនៃស្រុកទាំង៣ខាងលើបានប្រាប់ឱ្យដឹងថាខ្យល់កន្រ្តាក់កើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដែលមានការលាយឡំនូវភ្លៀងផ្គរន្ទះជាខ្លាំង ប៉ុន្តែមិនបង្កឱ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។ ស្រុកមោងប្ញស្សី ប៉ះពាល់ចំនួន២ឃុំ គឺឃុំកកោះ និងឃុំតាឡោះ សរុបផ្ទះរងការខូចខាត២៩ខ្នង ស្រុកគាស់ក្រឡប៉ះចំឃុំចំនួន១ គឺឃុំដូនបា ខូចខាតផ្ទះ៣២ខ្នង និងស្រុកបាណន់ប៉ះចំឃុំចំនួន២គឺឃុំស្នឹង និងឃុំភ្នំសំពៅ បណ្តាលឱ្យរងការខូចខាតផ្ទះ២៦ខ្នង ។
សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ខ្យល់កន្ត្រាក់ ខាងលើ ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកទាំង៣ ត្រូវបានសមត្ថកិច្ច អាជ្ញាធរដែនដី និងក្រុមការងារចុះជួយតាមស្រុកនីមូយៗបានចុះទៅជួយអន្តរាគមន៍រុះរើ និងកសាងផ្ទះជូនពលរដ្ឋនិងបាននាំយកអំណោយខ្លះយកទៅជួយសង្រ្គោះជាបឋមជូនដល់ពួកគាត់ជាបន្តបន្ទាប់រួចមកហើយផងដែរ ។ ដោយឡែកនៅថ្ងៃស្អែកទី២៦ ខែមេសា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង គ្រោងនិងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសម្លារៈមួយចំនួនធំទៀត ដើម្បីយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ទាំង៣ស្រុកខាងលើ ក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទីជម្រកស្នាក់នៅ។
សូមរំលឹកថា ខេត្តបាត់ដំបង ក្នុងរយៈពេលដើមឆ្នាំ២០១៧ គេសង្កេតឃើញខ្យល់កន្រ្តាក់បានបក់បោកប៉ះចំខេត្តបាត់ដំបងចំនួន៣លើកមកហើយរាប់ទាំងលើកចុងក្រោយនេះ ក្នុងនោះបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតជាបន្តបន្ទាប់ផងដែរ ។
ពាក់ព័ន្ធនិងគ្រោះធម្មជាតិខាងលើផងនោះដែរ ស្របពេលដែលក្រសួងធនធានទឹក និងឧត្តុនិយម បានជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ៕ សំ វិច្ឆិកា