ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ បារាំងនឹងមានការកែប្រែនយោបាយទាំងស្រុង ប្រសិនបើលោកស្រី ម៉ារីន ឡឺប៉ែនជាប់ឆ្នោត ក្នុងជុំទីពីរ

ចែករំលែក៖

ការបោះឆ្នោតនៅបារាំង ជុំទីមួយបាន បញ្ចប់ទៅ ដោយមានបេក្ខភាពពីររូប នាំមុខគេ នឹងត្រូវបន្តទៅប្រជែងនៅក្នុងការបោះឆ្នោតជុំទីពីរទៀត ។ អ្វីដែលគួរឲ្យ សម្គាល់នោះ បេក្ខភាពនាំមុខទាំងពីររូបគឺមានគោលលនយោបាយផ្ទុយគ្នាស្រឡះ។ ក៏ប៉ុន្តែ អ្នកនយោបាយបារាំងភាគច្រើន​គាំទ្រទៅលើគោលនយោបាយរបស់បេក្ខ ភាព Emmanuel Macron ច្រើនជាងលោក ស្រី Le Pen ដោយសារតែលោកស្រី មានគោលនយោបាយប្រឆាំងអឺរ៉ុប។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលនេះបារាំងកំពុងប្រឈមនូវបញ្ហាជាច្រើន ប្រសិនបើលោកស្រី Le Pen ជាប់ឆ្នោតនោះ ។ ការគិតតែប្រយោជន៍ ខ្លួនឯង អាចធ្វើឲ្យអឺរ៉ុប ទាំងមូលត្រូវបែកបាក់ដូចប្រធានាធិបតីរុស្សីុលោកពូទីន ធ្លាប់បានលើកឡើងថា អឺរ៉ុប នឹងត្រូវបែក បាក់ដូចសហភាពសូវៀត នៅពេលដែលមេដឹកនាំជំនាន់ក្រោយរបស់អឹរ៉ុបឡើង កាន់អំណាច។

នៅពេលនេះមានបេក្ខភាពប្រឆាំងអឺរ៉ុបជាច្រើនបានលេចមុខក្នុងនោះមាន អង់គ្លេស អាល្លឺម៉ង់ បារាំង ដែលមានលោក ស្រី Le Pen ជាដើម។ ក្រុមអ្នកសង្កេត ការណ៍អឺរ៉ុបបង្ហាញក្តីបារម្ភយ៉ាងខ្លាំង បើលោកស្រីឡឺប៉ែនជាប់ឆ្នោតក្នុងជុំទីពីរ វាសនាអឺរ៉ុបមិនដឹងជាទៅយ៉ាងណានោះ ទេ។

នៅពេលនេះដែរលោក Emmanuel Macron បានបន្តដំណើរឆ្ពោះទៅមុខក្នុងជុំទី២ ក្នុងការដណ្តើមយកតំណែងជា ប្រធានាធិបតី ដែលលោកត្រូវប្រឈមនឹង គូប្រជែងមកពីបក្សស្តាំនិយម គឺលោកស្រី Marine Le Pen ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននេះឲ្យដឹងនៅ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។

លោក ម៉ាក្រុង ជាអតីតម្ចាស់ធនាគារ មួយរូប ហើយគាត់ចូលប្រឡូកក្នុង ឆាកនយោបាយថ្មីថ្មោងទេ និងបានចូល រួមប្រកួតប្រជែងដោយ មិនមានបក្សណា មួយនៅពីក្រោយខ្នងឡើយ ។

បន្ទាប់ពីទទួលបាន ការគាំទ្រក្នុងការ បោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៣ ខែ មេសា ពេលនេះលោកហាក់បីដូចជាមាន ទំនុកចិត្តខ្ពស់ ដើម្បីដណ្តើមបានជ័យជម្នះ នៅក្នុងអំឡុងពេលបោះឆ្នោតបន្តទៀត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។ វាជាលើកដំបូងហើយ ក្នុងរយៈកាល ៦ទសវត្សរ៍ ដែលមានបក្សឆ្វេងនិយម បារាំង ឬបក្សប្រកាន់ស្តាំបានក្លាយជាបេក្ខភាពនៅក្នុងការបោះឆ្នោតជុំទី២។ តើការ ប្រជែងគ្នាយ៉ាង ស្វិតស្វាញនោះយ៉ាងម៉េច ទៅ ?

គេបានដឹងច្បាស់ថា លោក ម៉ាក្រុង ឈ្នះ ដោយទទួលបានសំឡេងគាំទ្រ ២៣.៨ភាគរយ នៅក្នុងការបោះឆ្នោតជុំទី១ ខណៈដែលលោកស្រី ឡឺប៉ែន ទទួលបាន ២១.៥ភាគរយ ហើយអ្នកដែលប្រជែងនៅ កៀកនឹងពួកគេ គឺមានតែលោក Francois Fillon ប៉ុណ្ណោះ ដែលមកពីបក្សកណ្តាល-ស្តាំ និងលោក Jean-Luc Melenchon នៅបន្ទាប់ ដោយទទួលបាន ១៩ភាគរយ។

ការដកខ្លួនចេញពីអឺរ៉ុប ឈប់ចាយ ប្រាក់អឺរ៉ូ នេះជានយោបាយសេដ្ឋកិច្ចរបស់លោកស្រី ម៉ារីន ឡឺប៉ែន។ តែសម្រាប់ លោកម៉ាក្រុងវិញ មានការប្រយ័ត្នប្រយែងផ្នែកចំណាយថវិកា បើកចំហសេរីនិយម ហើយពង្រឹងអឺរ៉ុបការបោះឆ្នោតប្រធានា ធិបតីជុំទីពីរ ឆ្នាំនេះប្រៀបដូចជាពុះច្រៀក ប្រទេសជាពីរ មានបេក្ខជនពីរ ជាមួយនឹងជំហរទស្សនវិស័យនយោបាយសេដ្ឋកិច្ច ផ្ទុយគ្នាដូចមេឃនិងដី។

តើបារាំងមានពាណិជ្ជកម្មកម្រិតណាសម្រាប់ពិភពលោក ? តើក្រុមហ៊ុន សហគ្រាស និងបុគ្គលិក មានអនាគតយ៉ាង ណា ? បើពេលនេះបារាំងកំពុងត្រូវជ្រើសរើសប្រធានាធិបតី ក្នុងចំណោមបេក្ខជន ពីររូប ដែលមានទស្សនវិស័យសេដ្ឋកិច្ច ផ្ទុយគ្នាទាំងស្រុង។

លោក អេម៉ានុយអែល ម៉ាក្រុង មាន គម្រោងផ្តល់គ្រប់មធ្យោបាយដើម្បីសម្របខ្លួនទៅតាមពិភពលោកដែលវិវឌ្ឍ តែ សម្រាប់លោកស្រីម៉ារីនឡឺប៉ែន បារាំងនឹងត្រូវផ្តាច់ខ្លួនចេញពីពិភពលោកនោះ ព្រោះ ពិភពលោកភាវូបនីយកម្មបែបព្រៃ នឹងផ្តល់គ្រោះថ្នាក់ដល់អរិយធម៌ជាតិ។ គ្មានព្រំ ដែន គ្មានការការពារ ច្បាស់ជារញ៉េរញ៉ៃពេញ ប្រទេសហើយ។ នេះជាប្រសាសន៍របស់ លោក​ស្រី ម៉ារីន ឡឺប៉ែន ក្រោយចេញលទ្ធ ផលជុំទីមួយភ្លាម។

លោកស្រី ឡឺប៉ែន បានបង្ហាញឆន្ទៈ យ៉ាងច្បាស់លាស់ ចង់ត្រលប់ទៅប្រើលុយចាស់របស់បារាំងវិញ ដោយដកខ្លួនឈប់ ប្រើលុយអឺរ៉ូ ដែលមានន័យស្មើនឹងចង់ផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ គឺផ្ទុយស្រឡះ នឹងជំហររបស់លោក អេម៉ានុយអែល ម៉ា ក្រុង ដែលការពារអឺរ៉ុបយ៉ាងមុតមាំដោយ ចង់ពង្រឹងការដោះដូរពាណិជ្ជកម្មសេរី សម្រេចអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុបកាណាដា ពង្រឹងពង្រីកស្ថាប័នអឺរ៉ុប តាមរយៈការបង្កើតឱ្យមានកញ្ចប់ថវិការួមសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ។

បេក្ខជនទាំងពីរ ក៏មានទស្សនវិស័យ ខុសគ្នាដែរ ស្តីពីបញ្ហាហិរញ្ញវត្ថុ។ លោក​ម៉ាក្រុង មានផែនការសន្សំសំចៃ ៦០ពាន់ លានអឺរ៉ូ ក្នុងអាណត្តិ៥ឆ្នាំរបស់លោក ដោយលុបប៉ុស្តិ៍រដ្ឋការ១២ម៉ឺនកន្លែង កានត់បន្ថយប្រាក់ឧបត្ថម្ភតាមខេត្ត។ ចំណែក លោកស្រី ឡឺប៉ែន មានគម្រោងជ្រើសរើសមន្ត្រីរដ្ឋការបន្ថែម ដំឡើងកាំប្រាក់ខែ បន្ថែមប្រាក់ខែដល់អ្នកមានចំណូលបៀវត្សរ៍ក្រោម១៥០០អឺរ៉ូក្នុងមួយខែ ជាថ្នូរនឹងការលុប ជំនួយឱ្យទៅអ្នកក្រៅមិនមែនបារាំង។

លើផ្នែកសង្គម គូប្រជែងផ្តាច់ព្រ័ត្រ ទាំងពីរក៏គិតខុសគ្នាដែរ លោកម៉ាក្រុងចង់សើរើរបបចូលនិវត្តន៍ របបធានារ៉ាប់រងភាព អត់ការងារធ្វើ គូសវាសទីផ្សារការងារដែលងាយបត់បែនទៅតាមស្ថានការណ៍ ដូចអ្វី ដែលក្រុមប្រទេសខាងជើងធ្វើ តែចំពោះ លោកស្រី ឡឺប៉ែន បារាំងត្រូវត្រលប់មក ប្រកាន់របបចូលនិវត្តន៍អាយុ៦០ឆ្នាំ និង រំលាយច្បាប់ការងារបារាំងដែលធ្វើតាម បញ្ជាអឺរ៉ុប លោកស្រីចង់រក្សាគំរូការងារដូចសម័យឆ្នាំ១៩៦០៕ ម៉ែវ សាធី


ចែករំលែក៖