ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ឌុយទែរតេ អាចប្រឈមនឹងបទឧក្រិដ្ឋកម្មក្រោយពេលមានមន្ត្រីហ្វុីលីពីនជាច្រើន ប្រឹងប្រឆាំងលោក

ចែករំលែក៖

សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរតេពិតជាមានលទ្ធផល ល្អ ទទួលបានការគាំទ្រពីពលរដ្ឋភាគច្រើន ប៉ុន្តែដោយសារតែការសម្លាប់មនុស្សច្រើនពេក បានធ្វើឲ្យលោកប្រឈមនឹងបញ្ហា តាមផ្លូវច្បាប់ ក្នុងនោះមានការ ប្តឹងប្រឆាំងពីអង្គការការពារសិទ្ធិមនុស្ស និងមន្ត្រីជាច្រើនក្នុងប្រទេសហ្វីុលីពីន មានទាំងមេធាវី ផងដែរ។

កន្លងមកថ្មីៗមេធាវីមួយរូប បានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកាលពី ថ្ងៃចន្ទ ទី២៤ខែមេសា ដើម្បីប្រឆាំង ទល់នឹងប្រធានាធិបតី លោកឌុយទែរតេ និងក្រុមមន្ត្រីជាន់ខ្ពស់ ១១ រូបផ្សេងទៀតពីបទប្រព្រឹត្តអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ នៅក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងទល់នឹងគ្រឿងញៀន ។ នៅក្នុងពាក្យបណ្តឹង ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលមានឯកសារកម្រាស់៧៧ទំព័រ លោក មេធាវី Jude Sabio បានអះអាងថា លោក Rodrigo DUTERTE បានប្រព្រឹត្តអំពើឧក្រិដ្ឋ កម្មប្រឆាំងមនុស្សជាតិជាច្រើនលើក ច្រើនសារនិងជាបន្តបន្ទាប់គ្នានៅក្រោមបញ្ជា របស់លោកដោយបានសម្លាប់ជនជាប់ សង្ស័យពីបទរត់ពន្ធគ្រឿងញៀននិងឧក្រិដ្ឋជនផ្សេងៗ ទៀត។

ចំណែកលោក Edgar Matobato ដែលជាកូនក្តីរបស់លោក មេធាវី Jude Sabio បានឆ្លើយសារភាពនៅចំពោះមុខ ព្រឹទ្ធសភាហ្វីុលីពីនថា លោកស្ថិតនៅក្នុងក្រុមពេជ្ឈឃាតក្រោមបញ្ជារបស់លោក ឌុយទែរតេ។

រីឯ តុលាការព្រហ្មទណ្ឌអន្តរជាតិវិញ ទើបបានបញ្ជាក់អះអាងពីការដាក់ពាក្យបណ្តឹងខាងលើនេះដែរ។ គឺជាការប្តឹងប្តល់ជាលើកដំបូងនិងជាសាធារណៈ ប្រឆាំង ទល់នឹងរូប លោក ឌុយទែរតេ នៅឯតុលា ការព្រហ្មទណ្ឌអន្តរជាតិ។ ពាក្យបណ្តឹងនេះ ត្រូវបានផ្អែកនៅលើសក្ខីកម្មរបស់លោក Matobato កូនក្តីរបស់មេធាវី Jude Sabio និងបន្ទាល់របស់សាក្សីម្នាក់ទៀតដែលជាអតីតប៉ូលិសហ្វីុលីពីនចូលនិវត្តន៍ ក៏ដូចជាសេចក្តីថ្លែងការណ៍នានារបស់អង្គការការពារសិទ្ធិមនុស្ស ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានដែលក្នុងនោះក៏មាន សារព័ត៌ មានអង់គ្លេស Reuters ផងដែរទាក់ទង នឹងអំពើមនុស្សឃាតនៅ ហ្វីុលីពីននេះ។

គួររំលឹកថា ចាប់តាំងពីលោក ឌុយ ទែរតេ បានឡើងកាន់តំណែងប្រធានាធិបតីហ្វីុលីពីនតាំងពីរដូវក្តៅឆ្នាំមុនមកជន សង្ស័យចំនួនជិត ៩.០០០ នាក់ត្រូវបានគេ សម្លាប់៕ ម៉ែវ សាធី


ចែករំលែក៖