ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបញ្ឈប់រាល់សកម្មភាពសិល្បៈទាំងអស់របស់តារាសិចស៊ី ដេនី ក្វាន់ ព្រោះតែភាពសិចស៊ីរបស់នាង បានធ្វើឲ្យជះផលអវិជ្ជមានដល់សិល្បៈ ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយរបស់មន្ត្រីក្រសួងកាលពីថ្ងៃទី២៥ ខែមេសា ប៉ុន្តែគេមិនឃើញវត្តមានតារាស្រីរូបនេះទេ ។ គេចាំបានថា តារាសម្តែង ដេនី ក្វាន់ បានធ្វើឲ្យមានការរិះគន់ខ្លាំងៗ ក្រោយពីនាងនិយមបង្ហាញរូបភាព និងវីដេអូបែបសិចស៊ី លេចលើស្មើក្រោមជាច្រើនលើកច្រើនសារ ។
ទោះបីជាមានការណែនាំពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ ហាក់មិនព្រមបន្ថយភាពសិចស៊ីនោះទេ។ ជម្រើសចុងក្រោយរបស់មន្ត្រីក្រសួង គឺសម្រេចឲ្យ ផ្អាកនូវរាល់សកម្មភាពសិល្បៈរបស់នាងទាំងស្រុងរយៈពេលមួយឆ្នាំ។
ទីប្រឹក្សាក្រសួងវប្បធម៌ និងជាអនុប្រធានលេខាធិការក្រុមប្រឹក្សាវិន័យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកចម្រើន វ៉ាន់ដា បានមានប្រសាសន៍ថា ដោយកន្លងមក ក្រសួងបានផ្ដល់ឱកាសដល់ ដេនី ក្វាន់ និង បានណែនាំនាងជារឿយៗ ក្នុងគោលបំណងកែប្រែឥរិយាបថក្នុងការស្លៀកពាក់របស់នាងឲ្យសមជាសិល្បការិនីកម្ពុជា។ ប៉ុន្តែនាងមិនដែលធ្វើតាម និងគោរពតាមពាក្យណែនាំនោះទេ គឺមានតែផ្គើន និងស្លៀកពាក់កាន់តែសិចស៊ី លើសដើម ដែលជាបញ្ហាក្ដៅមួយដែលក្រសួងមិនអាចលើកលែងបាន។
លោកបន្តថា ពេលនេះ ក្រុមប្រឹក្សាបានវាយតម្លៃ សម្រេចថា បញ្ឈប់រាល់សកម្មភាពសិល្បៈគ្រប់ទម្រង់ទាំងអស់របស់ ដេនី ក្វាន់ រយៈពេល១២ខែ ដោយគ្មានការលើកលែងអ្វីទាំងអស់។ លោកលើកឡើងដែរថា មាន៤ចំណុចសំខាន់ៗ ដែលស្ថាប័នពាក់ព័ន្ធទាំងអស់គួរដឹងពីបញ្ហារបស់ ដេនី ក្វាន់ គឺទីមួយក្រុមប្រឹក្សាសម្រេចដាក់ពិន័យដេនី ក្វាន់ ១ឆ្នាំទាក់ទងនឹងគ្រប់សកម្មភាពសិល្បៈទាំងអស់។ ទី២ គឺគ្រប់សមាគមសិល្បៈទាំងអស់ត្រូវមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់មកក្រសួងពីសមាជិករបស់ខ្លួន ដើម្បីចៀសវាងករណីដូច ដេនី ក្វាន់។ ទី៣ ក្រុមប្រឹក្សាវិន័យសំណូមពរគ្រប់ផលិតកម្មទាំងអស់ ពេលជ្រើសរើសតារាសម្ដែង គួរជ្រើសរើសតាមសមាគមសិល្បៈនីមួយៗ ដែលមានស្រាប់ ព្រោះមានការគ្រប់គ្រងច្បាស់លាស់។ ទី៤គឺក្រុមប្រឹក្សាវិន័យសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធ សូមគោរពតាមសេចក្ដីប្រកាសពាក់ព័ន្ធ នឹងតារាសម្ដែង ដេនី ក្វាន់ ជាពិសេសសំណូមពរដល់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កុំផ្ដល់ទិដ្ឋាការក្នុងការថតផ្សព្វផ្សាយគ្រប់ទម្រង់សិល្បៈ ដែលទាក់ទងនឹងតារាស៊ីចស៊ីខាងលើនេះដែរ។
ការចេញសេចក្តីសម្រេចនេះ នឹងក្លាយជាគំរូមួយសម្រាប់សិល្បករ សិល្បការិនីធ្វើជាបទពិសោធន៍ និងជាមេរៀនសម្រាប់តារាស្រី ដែលនិយមបញ្ចេញភាពសិចស៊ីជាជាងការបង្ហាញទេពកោសល្យសិល្បៈនោះ៕ វឌ្ឍនា