កូរ៉េខាងត្បូងបានប្រកាសថា ប្រទេសនេះបានសម្រេច ទិញរ៉ាដា ពីរគ្រឿងទៀត ដែលជារ៉ាដាប្រកាសអាសន្នដ៏ទំនើបបំផុត អាចចាប់បានមីស៊ីលកូរ៉េខាងជើង ទាន់ពេលវេលា ប្រសិនបើ វាយប្រហារ មកលើទឹកដីកូរ៉េខាងត្បូង។ ការសម្រេចទិញខាងលើកើតឡើងក្នុងពេលដែល ស្ថានភាព នៅឧបទ្វីបកូរ៉េកំពុងតែតានតឹង ខ្លាំងឡើង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ក្រសួងការពារជាតិ បានសម្រេចទិញរ៉ាដាក់ប្រកាសអាសន្នបន្ទាន់ពីរគ្រឿង សម្រាប់សកម្មភាពការពារជាតិឲ្យកាន់តែប្រសើរឡើង។ លោក Han Min Koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ ពីការទិញរ៉ាដាខាងលើផងដែរ។
បច្ចុប្បន្នទាហានកូរ៉េខាងត្បូងបានប្រើប្រាស់រ៉ាដាផ្ទាល់ដី ពីរគ្រឿង មានឈ្មោះថា Green Pine ផលិតដោយប្រទេសអីស្រាអែល ។ តាមគម្រោង កូរ៉េខាងត្បូង និង បនុ្តទិញថែម ដែលមាន ធ្វើសកម្មភាពតាមដានបានចម្ងាយ៨០០គីឡូម៉ែត្រ គឺអាច ដឹង បានលឿនពីការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង ហើយអាចទប់ទល់បានទាន់ពេលវេលា។
ពេលដំបូងក្រសួងការពារជាតិ មានមូលនិធិគ្រប់គ្រាន់សម្រាប់ទិញរ៉ាដាតែមួយគ្រឿងប៉ុណ្ណោះ ប្រភេទទំនើប ប៉ុន្តែក្រោយមក ក៏បានបង្កើនចំណាយសម្រាប់ការពារជាតិ ដោយ ត្រូវ បន្ថែមដល់ទៅពីរគ្រឿង។ ជាមួយគ្នានេះ កូរ៉េខាងត្បូងក៏បាន បង្កើន ប្រព័ន្ធមីស៊ីលការពារដោយខ្លួនឯង ផងដែរ ក្រៅពីប្រព័ន្ធការពាររបស់អាមេរិក។
ក្រៅពីនេះ កូរ៉េខាងត្បូងមានគម្រោង ផលិត នាវាមុជទឹក នាវាចម្បាំង ទំនើបៗ ដែលអាចវាយប្រហារ គូសត្រូវរបស់ខ្លួនបានគ្រប់ពេល ដោយបំពាក់មីស៊ីលនាំផ្លូវផងដែរ។
ពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា កូរ៉េខាងជើងគឺជាការគំរាមកំហែងពិតប្រាកដមួយ ដែលត្រូវដោះស្រាយ ដោយពេលនេះជាកាលៈទេសៈព្រួយបារម្ភខ្លាំងមួយ ដែលថា ប្រទេសនេះ អាចនឹងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ ។
យោងតាមសារព័ត៌មាន PRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថា ការព្រមានរបស់ប្រធានាធិបតីអាមេរិកនេះ បានធ្វើឡើងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គរដ្ឋទូត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៥ប្រទេស ក្នុងនោះមាន ចិន និងរុស្ស៊ីផងដែរ នៅឯសេតវិមាន ។
លោក ដូណាល់ ត្រាំ បានព្រមានទៀតថា «ស្ថានការណ៍របស់កូរ៉េខាងជើងគឺមិនអាចទទួលយកបានឡើយ។ ក្រុមប្រឹក្សាត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្មបន្ថែម និងឲ្យដាក់ខ្លាំងជាងមុន ទៅលើប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។
លោកបន្ថែមថា «នេះគឺជាការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោកថា តើយើងចង់ពិភាក្សា អំពីបញ្ហានេះដែរឬទេ។ កូរ៉េខាងជើងគឺជាបញ្ហាធំរបស់ពិភពលោក ហើយវាជាបញ្ហា ដែលយើងត្រូវតែដោះស្រាយ ឲ្យដល់ទីបំផុត»៕ ម៉ែវ សាធី