ភ្នំពេញ៖ យ៉ាងហោចណាស់កូនប្រុសស្រី២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម និងបណ្ដាលឲ្យឪពុកចូលទៅជួយរងរបួសធ្ងន់ ដែលនៅក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីីភ្នំពេញ ។
យុវជនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើមានឈ្មោះ ទី១ ឈ្មោះ យ៉េម រមនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ។ ទី២ ឈ្មោះ យ៉េម វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករផលិតទឹកសុទ្ធ ។ ចំណែកឪពុកឈ្មោះ ស្រិញ ឈន អាយុ៥១ឆ្នាំ មុខរបរដាំត្រកួនក្បែរផ្ទះបានរងរបួសធ្ងន់ ។
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉េម រ៉េត អាយុ៤២ឆ្នាំ ដែលត្រូវជាម្ដាយជនរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែក និងអួលដើមក ថា ក្នុងក្រុមគ្រួសារគាត់គឺមានសមាជិក៥នាក់ ដោយប្ដីប្រពន្ឋគាត់២នាក់ និងកូនប្រុស២នាក់ ស្រីម្នាក់ ។
ស្ត្រីរងគ្រោះបានប្រាប់បន្តថា នៅយប់កើតហេតុ រូបគាត់បានដេកនៅក្រោមផ្ទះ៣នាក់កូនពៅ និងប្ដី ហើយយុវជនប្រុស ស្រីរងគ្រោះដែលស្លាប់នោះបានដេកនៅលើផ្ទះ ដោយពេលឆ្លងចរន្តអគ្គីសេនីឆាបឆេះផ្ទះនោះ គឺគ្រួសារគាត់កំពុងតែដេកលក់អស់ទៅហើយ រហូតឆេះផ្ទះបានពាក់កណ្ដាលទើបដឹង ក្នុងនោះឪពុកម្ដាយនិងកូនពៅដែលដេកនៅលើ បានរត់ចេញទាន់ពេលវេលា ដោយនៅឡើយ យុវជនប្រុសស្រីរងគ្រោះនៅក្នុងផ្ទះ ខណៈភ្លើងបានឆេះយ៉ាងសន្ធោរសន្ធៅទៅហើយ ។
ភ្លាមនោះឪពុកបានធាក់ទ្វារទំលុះចូលជួយកូនទាំង២នាក់ តែមិនបានសម្រេច និងបណ្ដាលរូបគាត់ឆេះខ្លួនរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុ យុវជនប្រុសស្រី២នាក់ដែលដេកនៅក្រោមបានឆេះស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័មបំផុត ចំណែកបុរសម្នាក់ដែលជាឪពុកជនរងគ្រោះបានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុីដើម្បីសង្គ្រោះបន្ទាន់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ គឺរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅបាញ់ពន្លត់ភ្លើងបាននោះទេ ហើយអាជ្ញាធ័រ និងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុជួញទាញទុយយោតូចៗមកបាញ់ពន្លត់ដែរ តែមិនអាចជួយបាន ព្រោះអគ្គីភ័យបានឆេះផ្ទះ និងជនរងគ្រោះខាងលើអស់ទាំងស្រុងទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសាកសពជនរងគ្រោះខាងលើ និងប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ