ខេត្តសៀមរាប៖ ផ្ទះមនុស្សធម៌ទី១២ មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៤០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ជាអំណោយរបស់ សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារលោកតា ស៊ឹម ហ៊ាន ភេទប្រុស អាយុ ៧៦ឆ្នាំ ប្រពន្ធឈ្មោះ មួន តាំង អាយុ ៦៧ឆ្នាំ ជាទុរគតជនចាស់ជរា គ្មានកូន រស់នៅអាស្រ័យពីអ្នកជិតខាងផ្គត់ផ្គង់ម្ហូបអាហារ រស់នៅភូមិព្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់កាលពីព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមមរាប ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ដោក វណ្ណដេត អភិបាលរងស្រុកជីក្រែង និងតាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា គ្រួសាររបស់លោកតា លោកយាយគ្មានកូនឡើយ ជាគ្រួសារទូរគតជន រស់នៅអាស្រ័យដោយបងប្អូនអ្នកជិតខាងក្នុងភូមិ ហើយផ្ទះចាស់ របស់គាត់ក៏ត្រូវបានបងប្អូនក្នុងសហគមន៍បានសាងសង់ជូនជាយូរឆ្នាំមកហើយលំនៅដ្ឋាននេះមានសភាពចាស់ទ្រុឌ ទ្រោមមិនអាចរស់នៅបានតទៅទៀតទេ ។
ដោយការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្ទះថ្មីដែលជាផ្ទះមនុស្សធម៌ជូនដល់គ្រួសារគាត់ ឲ្យបានស្នាក់នៅបានសមរម្យ ហើយក៏ជាផ្ទះទី១២ របស់សាខាកាកបាទក្រហមខេត្ត ដែលសាងសង់អស់ថវិកាសរុប ១ពាន់២០០ដុល្លា និង ជាផ្ទះទី៣ នៅក្នុងស្រុកជីក្រែង ផងដែរ ។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកស្រី ក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារអ៊ុំប្រុស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារអ៊ុំប្រុស អ៊ុំស្រី នាពេលនេះ ក្រោម ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំពិសេសគឺកាកបាទក្រហមកម្ពុជាដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបន្តថា សូមលោកអ៊ុំទាំងពីរកុំអស់សង្ឃឹម ចំពោះវាសនារបស់ខ្លួន ទោះបីមានភាពជរាក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលអ៊ុំទាំងពីរឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ក្នុងនោះដែរលោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង នឹងងាយរងគ្រោះដោយអគ្គីភ័យ និង គ្រោះថ្នាក់ផ្សេងៗជាដើម ។
អំណោយសង្កត់ផ្ទះ អង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ក្នុងនោះព្រះតេជគុណ ទេព ភឿន ព្រះអនុគុណស្រុក ឧបត្ថម្ភសម្ភារៈ និង ថវិកា១០ម៉ឺនរៀល សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕ ប៊ុនរិទ្ធី