ព័ត៌មានទាន់ហេតុការណ៍៖

កុមារាអាយុ៤ឆ្នាំបានលុយ១ពាន់រៀលរត់ឆ្លងថ្នល់រកទិញទឹកកកឈូសត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើ កំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកកោះ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ធ្វើឲ្យក្មេងប្រុសម្នាក់បាក់ជើងបែកក្បាលស្លាប់ ភ្លាម ។

តាមការឲ្យដឹងពីសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំគោកធ្លោកក្រោម បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៧ គឺក្មេងប្រុសអាយុ៤ឆ្នាំ បានឆ្លងថ្នល់ម្នាក់ឯង ក៏ត្រូវ​បានរថយន្តមិនស្គាលម៉ាក បើកមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ នៅចំកណ្តាលផ្លូវ ហើយក៏បានបើករត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល តែទោះជាយ៉ាងណានោះ សមត្ថកិច្ចបានទំនាក់ទំនង ទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល គ្រប់ទីកន្លែង ដើម្បីឃ្លាំមើលរថយន្តបង្ក ហេតុនាំយកមកទទួលទោសតាមផ្លូវច្បាប់ ខណៈបើកបរបង្កឲ្យមានមនុស្សស្លាប់។

តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ក្មេងប្រុសដែលបានស្លាប់មានឈ្មោះ ឆាន គឹមហាន អាយុ​៤​​ឆ្នាំ ឪពុកឈ្មោះ ឆាំ ឆាន ម្តាយឈ្មោះ ម៉ាប់ មុំ រស់ នៅភូមិឃុំកើតហេតុខាងលើ ខណៈដែលឪពុកម្តាយ កំពុងតែធ្វើបុណ្យចម្រើនជនជីតា ដោយមិនបានចាប់អារម្មណ៍មើលកូន ស្រាប់តែកូនតូចរងគ្រោះបានកាន់លុយ១០០០រៀល រត់ឆ្លងថ្នល់មកទិញទឹកកកឈូស ក៏ត្រូវបានរថយន្តបុកស្លាប់តែម្តង ក្មេងរងគ្រោះត្រូវបានសាច់ញាតិទទួលយកពីធ្វើបុណ្យដំណាលគ្នានឹងបុណ្យចម្រើនជនរបស់ជីតាតែម្ដង ៕ ប៊ុន រិទ្ធី


ចែករំលែក៖