ភ្នំពេញ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង បានចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ ក្នុងនាមជាសាក្សី ពាក់ព័ន្ធករណីបន្លំខ្លួនចូលពន្ធនាគាររបស់លោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ។
ដោយឡែកលោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅចូលបំភ្លឺក្នុងនាមជាជនសង្ស័យ នាព្រឹកថ្ងៃទី២ ខែឧសភា ។
គួររំលឹកថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកថា ការបន្លំសមត្ថកិច្ច ដើម្បីចូលទៅពន្ធនាគារបែបនេះគឺជារឿង អសីលធម៌។ ជាមួយគ្នានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយ ដើម្បីបានចូលក្នុង ពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ៕ ចេស្តា