ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើបាកាន ដឹកនាំដោយលោក វ៉ាន់ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរ ចុះសហការជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន បង្រ្កាបរថយន្ត ១គ្រឿងដឹកឈើប្រភេទប្រណិតធ្នង់។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វ៉ាន់ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរ ដែលបានដឹកនាំបង្រ្កាបក្នុងកិច្ចការនេះបានឲ្យដឹងថា រថយន្តដឹកឈើត្រូវបានបង្រ្កាបម៉ាក តូយ៉ូតាកាមរីគូថហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A 0404។
លោក នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរបន្តថា ការដែលកម្លាំងបង្រ្កាបរថយន្តខាងលើនេះ ខណៈដែលមន្រ្តីជំនាញកំពុងចុះប្រតិបត្តិការបង្រ្កាបបទល្មើស ប៉ុន្តែរថយន្តនេះមិនព្រមឲ្យជំនាញត្រួតពិនិត្យដោយងាយៗនោះទេ ទើបមានការដេញបង្រ្កាបយ៉ាងប្រផាប់ប្រភីងផងដែរ។
លោក វ៉ាន់ សាវុធ នាយរងផ្នែកបន្តទៀតថា នៅក្នុងរថយន្តរកឃើញឈើប្រភេទប្រណិតធ្នង់ចំនួន ២០ដុំ ស្មើរនឹងចំនួន ០,៧៤៩ម៉ែត្រត្រីគូប ហើយវត្ថុតាងទាំងរថយន្តកាមរី ទាំងឈើប្រភេទប្រណិតធ្នង់ បានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតិវិធីចាត់ការបន្ត៕ បឹុម ពិន