ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ ស្របពេលដែលប្រជាពលរដ្ឋ៧ គ្រួសារមិនព្រមទទួលយកនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅ ការដោះស្រាយនៅតំបន់បឹងកក់ត្រូវបានបញ្ចប់ហើយ ស្របពេលដែលប្រជាពលរដ្ឋ០៧គ្រួសារមិនព្រមទទួលយកនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានទុកដីឡូត៏ជូនពូកគាត់ហើយ ។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៃដំណើរការដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់កាលពីរសៀលថ្ងៃទី២៧ មេសានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរូមពីអ្នកព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់។

លោកឃួង ស្រេងបានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅការដោះស្រាយនៅតំបន់បឹងកក់ត្រូវបានបញ្ចប់ហើយ បើទោះបីប្រជាពលរដ្ឋ០៧គ្រួសារមិនទាន់យល់ព្រមទទួលយកក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានទុកដីឡូត៏ជូនពូកគាត់ហើយ ។

លោកថា ៖ ក្នុង៧គ្រួសារនេះមានគ្រួសារមួយនោះទៀមទាដីនៅក្នុងតំបន់បឹងកក់នេះទំហំ០៤ម៉ែត្រគុណនិង១៨ម៉ែត្រ រហូតទៅដល់២០ឡូត៏ រដ្ឋបាលរាជធានីសម្រេចអោយ៤ឡូត៏ គ្រួសារមួយទៅទៀត ទៀមទា១០ឡូត៏ រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៏ ទៀមទា៧ឡូត៏ រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៏ និង៤គ្រួសារទៀត រដ្ឋបាលរាជធានីសម្រេចអោយ២ឡូត៏ដូចគ្នា។

លោកឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិនៅតំបន់បឹងកក់ ដោយលោកបញ្ជាក់ថា បឹងកក់ជាបឹងរបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកជាបន្តបន្ទប់ក្នុងអំឡុងឆ្នាំ១៩៩២ ,១៩៩៣កន្លងមក។ ក្រោយមកប្រជាពលរដ្ឋបានមករស់នៅក្នុងតំបន់នេះមានរហូតដល់ជាង៤០០០គ្រួសារ ដែលមានធ្វើអោយតំបន់នេះក្លាយជាតំបន់មិនរៀបរយ មានជួញដូ សេពគ្រឿងញៀននិងបរិស្ថានមិនល្អផងដែរ ។ ដោយមានបញ្ហាប្រឈមនេះទើបរាជរដ្ឋាភិបាលសម្រេចអោយក្រុមហ៊ុន ឯកជនធ្វើការវិនិយោគនិងបានធ្វើអោយមានផលប៉ះពាល់និងឈានដល់មានការដោះស្រាយ ក្នុងនោះមានប្រជាពលរដ្ឋ ប្រមាណ៤០០០គ្រួសារបានស្ម័គ្រចិត្តចាកចេញដោយទទួលយកការដោះស្រាយសំណងពីក្រុមហ៊ុននិងមួយចំនួនទៀតមិនព្រមទទួលយកនិងនទៀមទាអោយអភិវឌ្ឍន៍នៅហ្នឹងកន្លែង ។ការទៀមទានេះទើបរាជរដ្ឋាភិបាលសម្រេចកាត់ដីទំហំ១២,៤៤ហិកតា ក្នុងចំនួនដីសរុបចំនួន១៣៣ហិកតា អោយទៅប្រជាពលរដ្ឋនៅតំបន់បឹងកក់ ។

លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះការដោះស្រាយនៅតំបន់បឹងកក់នៅសល់តែ០៧គ្រួសារប៉ុណ្ណោះ ស្របពេលដែលប្រជាពលរដ្ឋចំនួន៧៤គ្រួសារបានទទួលយកដីមួយគ្រួសារ១ឡូត៏ទំហំ០៤ម៉ែត្រគុណនិង១៨ម៉ែត្ររួចហើយ ។

ចំពោះមូលហេតុដែលដោះស្រាយជាមួយប្រជាពល រដ្ឋ០៧គ្រួសារមិនត្រូវរ៉ូវគ្នានេះ ត្រូវបានលោកឃួង ស្រេងបញ្ជាក់ថា ផ្តើមចេញពីប្រជាពលរដ្ឋទៀមទា ទៅតាមចិត្តរបស់គាត់ចង់បាន ស្របពេលដែលការដោះស្រាយរបស់រដ្ឋបាលរាជធានីទៅតាមគោលនយោបាយសិទ្ធិលំនៅដ្ឋាន ៕ សំរិត


ចែករំលែក៖