ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង មានការងារធ្វើបន្ថែមក្រៅពីមុខរបរកសិកម្ម ។ បើតាមទូរលេខរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត គិតមកដល់ខែមេសា ឆ្នាំ២០១៧កូនចៅប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជិត៦ម៉ីននាក់ហេីយ ។
លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ឆ្នាំ២០១៦កន្លងមកនេះ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង មានការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សំគាល់ និងបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ខេត្តមានសហគ្រាសគ្រឹះស្ថានសរុបចំនួន១៥៥ មានចំនួនកម្មករ និយោជិតសរុបចំនួន៥៧,១៣៧នាក់ ស្រីចំនួន៣៨,១០៤នាក់ ក្នុងនោះ មានកម្មករនិយោជិតខ្មែរចំនួន៥៥,១៦៦នាក់ ស្រីចំនួន៣៧,៥៣៣នាក់ និងហត្ថពលកម្មជនបរទេសចំនួន១,៩៧១នាក់ ស្រី៥៧១នាក់ ។
បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ កម្មករ និយោជិតខ្មែរកើនឡើង១៦,៨៣ភាគរយ និងហត្ថពលកម្មបរទេសកើនឡើង៥,៣៥ភាគរយ។
គួររំលឹកថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង កាលពីសង្គមចាស់ ពួកគាត់ប្រកបរបរធ្វើតែស្រែ និងឡើងត្នោតធ្វើស្ករត្នោត ព្រមទាំងដាំដំណាំផ្សេងៗបន្តិចបន្តួច គ្រាន់បានដោះស្រាយជីវភាពគ្រួសារ បើចង់ទៅរកការងារធ្វើទាល់ចំណាកទៅភ្នំពេញ ឬទៅប្រទេសជិតខាង ទើបមានការងារធ្វើបាន ហើយធ្វើស្រែឆ្នាំខ្លះ បានផលហូបគ្រប់គ្រាន់ ឆ្នាំខ្លះមិនបានផលហូបគ្រប់គ្រាន់នោះទេ។
ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ រហូតដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអភិវឌ្ឍន៍ជាជំហ៊ានៗ ធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចំរើនលើគ្របវិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានចំហរជើងមេឃ ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក ក្រៅស្រុកមកដាក់ទុនរកស៊ីបានច្រើន និងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាន់នាក់ និយាយជារួមដោយឡែកនៅខេត្តស្វាយរៀង ក៏មិនចាញ់ខេត្តដទៃដែរ កូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសំរួលជីវភាពគ្រួសារមានជីវភាពធូរធាស្ទើរតែគ្រប់ក្រុមគ្រួសារ ៕ យឹម សុថាន