ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រពីររូបគណបក្សប្រឆាំង ចូលបំភ្លឺរួចហើយ នៅឡើយលោក ជុន ច័ន្ទបុត្រ ហ៊ានចូលឬទេ ?

ចែករំលែក៖

ភ្នំពេញ៖ ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ។ មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ហ៊ានចូលបំភ្លឺក្នុងនាមជាជនសង្ស័យដែរឬទេ ? អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ព្រមានថា តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យបាន ប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ ។

តុលាការ នៅថ្ងៃទី២៨ ខែមេសា បញ្ចប់ការសាកសួរលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង រួចហើយក្នុងនាមជាសាក្សី ពាក់ព័ន្ធករណីដែលលោកជុន ច័ន្ទបុត្រ បានបន្លំខ្លួនចូលពន្ធនាគារព្រៃស ។

លោក សំ សុគង់ មេធាវីតំណាង អះអាងថា ទាំងលោកឡុង រី និងលោកស្រី មូរ សុខហួរ បានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់រួចរាល់ហើយ ។ ប៉ុន្ដែលោកបដិសេធ ពុំនិយាយពីអ្វី ដែលតំណាងរាស្ត្រទាំងពីរ ប្រាប់តុលាការទេ ព្រោះជាការសម្ងាត់នៃការស៊ើបអង្កេត ។

ថ្មីៗនេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកថា ” អ្នកសារព័ត៌មានជាច្រើនបានចោទជាសំនួរថា តើលោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនឬទេនៅថ្ងៃចូលខ្លួនតាមដីកាកោះហៅរបស់តំណាងអយ្យការនោះ? ”

លោក គឹម សន្តិភាព បន្ថែមថា ” ខ្ញុំសូមជម្រាបជូនថាតំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃចូលខ្លួនប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ! ។

បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការពិនិត្យឃើញថាមានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត! ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ! ។

កន្លងមក លោកគឹម សន្តិភាព ធ្លាប់សរសេរក្នុងហ្វេសប៊ុកថា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ! ។

លោក បន្ថែមថា ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់! ។

គួររំលឹកថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ៕ ចេស្តា


ចែករំលែក៖