ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងម្ចាស់អត់នៅឆេះខ្ទេចគ្មានសល់អស់ផ្ទះ១ខ្នងនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆេះគ្មានសល់ខណៈម្ចាស់មិននៅ ។

ហេតុការណ៍ ភ្លើងឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោកហែម សារ៉ា នាយនគបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្សាបានប្រាប់ឲ្យដឹងថា ភ្លើងបានឆេះផ្ទះឈើមួយខ្នងទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ដំបូលប្រក់ក្បឿង និង ឆេះអស់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ម្ចាស់ផ្ទះ នេះមានឈ្មោះគាត ប៉ុណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកឯប្រពន្ធ ឈ្មោះ រត្ន ចាន្ធូ រស់នៅភូមិឃុំខាងលើ ។

សមត្ថកិច្ចបានអោយដឹងទៀតថា អគ្គីភ័យនេះបានឆេះអស់គ្មានសល់ ពុំអាចជួយពន្លត់បានឡើយ ខណៈដែលម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ បានចាកចេញទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ និងទៅធ្វើកម្មកររោងចក្រកាត់ដេរនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថិកិច្ចថា នៅម៉ោងជិតប្រាំបីយប់ ទៅហើយ មានធំក្លិនឆ្ងៀម ប៉ុន្តែអ្នកស្រុកមិនចាប់អារម្មណ៍ថា ឆេះផ្ទះនេះឡើយ ព្រោះផ្ទះនេះអត់ម្ចាស់នៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងឆេះសន្ធោរសន្ធៅឡើងតែម្តង ក៏ស្រែកហៅគ្នីគ្នាជួយ តែជួយអត់ទាន់ ព្រោះភ្លើងឆេះខ្លាំងបាត់ទៅហើយ ។

ក្រោយពីពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ផ្ទះដែលឆេះគឺបណ្ដាលមកពីទុសេខ្សែភ្លើងក្នុងពេលដែលម្ចាស់ផ្ទះអត់នៅ ៕ ចន្ថា


ចែករំលែក៖