ព័ត៌មានទាន់ហេតុការណ៍៖

ទៅទិញថ្នាំញៀន បង្កទំនាស់នឹងអ្នកលក់ គេចាក់ធ្លាយពោះរត់មកដេកននៀលឲ្យគេជួយ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ បានរត់មកដេកដួលនៅចំណុចច្រកចូលផ្សារសូរិយាម៉ល បន្ទាប់ពីជនសង្ស័យជាអ្នកលក់ ថ្នាំញៀន ចាក់នឹងកាំបិតបណ្តាលឲ្យរងរបួសចំចង្កេះ ហើយជនសង្ស័យរូបនោះបានគេចខ្លួនបាត់។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥១ កែងនឹងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ំ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្វាយព្រៃ១ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុគឺគាត់បានយកលុយទៅឲ្យភាគីខាងជនបង្ក ក្នុងបំណងដើម្បីទិញគ្រឿងញៀនយកទៅប្រើប្រាស់ ហើយក៏មានទំនាស់ពាក្យសម្តីគ្នាពីរឿងលក់គ្រឿងញៀនថ្លៃ មិនសុទ្ធ។ ក្រោយមកក៏ឈានទៅដល់ការប្រើហិង្សាដាក់គ្នាទៅវិញទៅមកហើយ ភាគីខាងអ្នកលក់គ្រឿងញៀនបានដកកាំបិតចុងស្រួចចាក់រូបគាត់១កាំបិត បណ្តាលឲ្យរបួសចំចង្កេះ ទើបគាត់រត់គេចខ្លួនមកដួលនៅចំណុចច្រកចូលផ្សារសូរិយាម៉លបែបនេះ។ ចំណែកជនបង្ក បានគេចខ្លួនបាត់ដែរ ។

ក្រោយមកទើបគេឃើញ សមត្ថកិច្ចមូលដ្ឋានទៅដល់ទូរស័ព្ទហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងកំពុងតាមដាន ចាប់ជនលក់គ្រឿងញៀន និងជាជនដៃដល់ដែលកំពុងគេចខ្លួន យកទៅ ផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ ស តារា

 


ចែករំលែក៖