ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖​ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រ ស្រុកពួក និង ក្នុងក្រុងសៀមរាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រីជាបន្តបន្ទាប់ចំនួន១៥នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។

ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងរយពេល១ថ្ងៃ គឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅកន្លែងផ្សេងគ្នា ក្នុងភូមិសាស្រ្ត ស្រុក ពួក និងក្នុងក្រុងសៀមរាប ។

តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តបានប្រាប់នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា មុនឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ចំនួន១៥នាក់ និងវត្ថុតាងនេះ ដោយមានការសហការគ្នាបានល្អ ជាមួយពលរដ្ឋ និងកម្លាំងមូលដ្ឋាន ទើបកម្លាំងជំនាញ​ឈាន​​ដល់ឃាត់ខ្លួនបានភ្លាមៗជាបន្តបន្ទាប់ រួមទាំងវត្ថុតាងមាន៖ ម្សៅគ្រើម ប្រភេទម៉ាទឹកកកសថ្លា ចំនួន ២៧កញ្ចប់ ស្មើនឹងទម្ងន់ ៩,៧៣ ក្រាម ,ទូរស័ព្ទ ០៨ គ្រឿង និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ១៥ នាក់ ក្នុងនោះ ជនសង្ស័យ ០៣នាក់ ប្រុស បញ្ជូនទៅមណ្ឌលស្តានីតិសម្បទា ស្នងការនគរបាលខេត្តសៀមរាប ចំណែក ជនសង្ស័័យប្រុស ស្រី ១២ នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖