ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ រួមសហការជាមួយកម្លាំងនគរបាលក្រុង បានដេញប្រមាញ់ចាប់ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់យករថយន្តហាយឡែនឌ័រពីបុរសម្នាក់បានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវបេតុង២១៧ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ក្នុងពេលនោះកម្លាំងសមត្ថកិច្ចក៏បានរថយន្ដរងគ្រោះដែលចោរធ្វើសកម្មភាពប្លន់បានមកវិញភ្លាមៗផងដែរ ខណៈដែលជនសង្ស័យបើករថយន្តទៅបុកដើមឈើបាក់អស់មួយដើមទៅមុខលេងរួច ហើយជនសង្ស័យចុះរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះមានឈ្មោះ ខៀវ សុផារិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកតាក់សុីក្រុមហ៊ុន Black&White Premium Taxi និងមានទីលំនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងជាម្ចាស់រថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM.0924 ។
បើតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលមានរឿងហេតុការណ៍វាយប្លន់យករថយន្តខាងលើនោះគឺ ជនសង្ស័យមានគ្នា២នាក់បានហៅរថយន្តតាក់សុីរបស់ជនរងគ្រោះដឹកពីទីក្រុងកោះពេជ្រ មករោងចក្រផលិតស្រាបៀរក្នុងមូលដ្ឋានខណ្ឌដង្កោ ហើយជនរងគ្រោះបានប្រាប់បន្តថា បន្ទាប់ពីរូបគាត់បានដឹកជនសង្ស័យមកដល់ក្បែររោងចក្រផលិតស្រាបៀររួចមក ពួកគេក៏បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ក្បាល ថែមទាំងវៃមួយស្នាប់កាំភ្លើងទៀតបណ្ដាលឲ្យរងរបួសបែកក្បាលតែរបួសស្រាល ។
បន្ទាប់មកជនសង្ស័យទាំង២នាក់បានដោះអាវរបស់ខ្លួនមកចងដៃជនរងគ្រោះមកខាងក្រោយ ( ចងស្លាបសេក) ហើយលើកជនរងគ្រោះមកដាក់នៅកាបិនក្រោយដឹកទៅទម្លាក់នៅសៀមរាបកន្ទួត ជាប់ផ្លូវជាតិលេខ២ នាខេត្តកណ្ដាល ។ ក្រោយមកជនសង្ស័យក៏បានបើករថយន្តរងគ្រោះមកភ្នំពេញវិញ រហូតមកដល់ត្រឡោកបែក ខណ្ឌសែនសុខ ។
ដោយរថយន្តបានផ្ចាប់ប្រព័ន្ឋGPS ហើយជនរងគ្រោះបានព្យាយាមរត់មកឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងក្សារជួយអន្តរាគមន៍ និងរាយការណ៍បន្តរហូតដល់កម្លាំងសមត្ថកិច្ចនគរបាលក្រុងនិងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោរួមទាំងអាវុធហត្ថ ដេញតាមរថយន្តជាប់ប្រព័ន្ឋGPS ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបើករថយន្តចូលឃ្លោងទ្វារវត្តព្រះធាតុ ក៏បានទៅបុកដើមឈើបាក់អស់មួយដើម ធ្វើឲ្យរថយន្តរងគ្រោះដាច់កាឡែកង់មុខ និងក្រោយទៅមុខលេងរួច ទើបជនសង្ស័យទាំងពីរនាក់ខាងលើចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយមកកម្លាំងសមត្ថកិច្ចទាំងអស់បានឡោមព័ន្ឋជុំវិញនៅបរិវេណនោះ តែឃាត់បានតែក្មេងញៀនថ្នាំក្នុងភូមិម្នាក់តែប៉ុណ្ណោះ និងបានដឹកយុវជនរូបនោះទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស និងបានដោះលេងទៅវិញផងដែរ ក្រោយពីសួរនាំមិនជាប់ពាក់ព័ន្ឋមុខសញ្ញាប្លន់ ។
បន្ទាប់មក លោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ចារមន្ត្រីក្រោមឱវាត ឲ្យទំនាក់ទំនងទៅរថយន្តស្ទួច ស្ទួចរថយន្តរងគ្រោះដែលរងការខូចខាត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងរង់ចាំសាកសួរជនរងគ្រោះបន្ថែមទៅលើករណីនេះ៕ ភារ៉ា ដង្កោ