ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បង្រ្កាបចាប់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចគល់ស្ពានវាងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។
លោកអនុសេនីយ៍ឯក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឲ្យដឹងថា មុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ វណ្ណ សិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ អ៊ិន អាត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ និងម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BO- 0382 ។
លោកអនុសេនីយ៍ឯក ពុយ ទ្រី បានបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចេញល្បាតជារៀងរាល់យប់ និងពេលថ្ងៃ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចេញក្បាតដល់ចំណុចស្ពានវាងព្រែកឃ្លោក ក៏បានប្រទះឃើញជនសង្ស័យ២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នា ដោយមានកាសង្ស័យសមត្ថកិច្ចបាន ហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងជាក់ចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ថ្នាំញៀនមួយកញ្ចប់ខាងលើនេះពួកគេបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ក្នុងតម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ ៕ ស្អាងជ័យ