ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបអ្នកលេងដំបងដែកបំពង់ទីប ២នាក់ក្រោយវាយគូទំនាស់បែកក្បាលក្នុងវង់រាំធុងបាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកលេងដំបងដែកបំពង់ទីបចំនួន ២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានឃាត់ខ្លួន ដើម្បីយកទៅបំពេញនីតិវិធីបន្ត ខណៈជនសង្ស័យបានវាយលើគូទំនាស់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅក្នុងវង់រាំធុងបាស់កម្សាន្តបុណ្យសព៧ថ្ងៃ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចរោងបុណ្យសព៧ថ្ងៃ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា ជនបង្ករបួសស្នាមលើគូទំនាស់ត្រូវឃាត់ខ្លួនទី ១ឈ្មោះ ឌីម ច្រូច ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ និងទី ២ឈ្មោះ ទួន សារ៉ាយ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីរនាក់ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។

ប្រភពព័ត៌មានខាងលើបន្តថា ក្រោយពីពួកគេបានបង្កការអុកឡុក ហើយពួកគេបានប្រើប្រាស់ដែកបំពង់ទីបជាអាវុធ បានវាយលើគូទំនាស់ឈ្មោះ ម៉ៅ ភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ និងបក្ខពួកម្នាក់ទៀតឈ្មោះ ឡែន ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ ជនរងរបួសទាំងពីរ មានទីលំនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន (ជាមួយគ្នានឹងជនដៃដល់)បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមនោះជនរងរបួសទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្នារ ចំណែកជនសង្ស័យបង្ក(ដៃដល់)កម្លាំងបាននាំយកមកទីបញ្ជាដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ដើម្បីបំពេញនីតិវិធីសំណុំឯកសារផ្សេងៗ ៕ ប៉ឹម ពិន


ចែករំលែក៖