ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅទិញភេសជ្ជៈទុកកូនសោជាប់ម៉ូតូត្រូវចោរលួចយកទៅបាត់ តែសំណាងល្អត្រូវនគរបាលចាប់ក្របួចបានវិញ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ចូលទៅទិញភេសជ្ជៈដោយមិនបានដកកូនសោរចេញពីម៉ូតូ ត្រូវចោរលួច​ជិះទៅបាត់ តែសំណាងល្អត្រូវបាននគរបាលក្របួចបានមកវិញ ។ ករណីលួចម៉ូតូនេះបានកើត​ឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខ​ផ្ទះលក់ភេសជ្ជ:ប្តីប្រពន្ធឈ្មោះ វុធ រី ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណៅ ខ្លូត ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតខេត្តកំពត បច្ចុប្បន្ន​ដើរស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹក ប៊ុនរី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិក មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល​ ជា​ម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AB-9683 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅ​ទិញភេសជ្ជៈនៅផ្ទះរបស់ប្តីប្រពន្ធឈ្មោះ វុធ រី ។ ពេលទៅដល់ជនរងគ្រោះបានឈប់ម៉ូតូនៅ​ខាងមុខផ្ទះ ដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ ហើយក៏បានដើរចូលទៅក្នុងផ្ទះលក់​ភេសជ្ជៈបាត់ទៅ ខណៈនោះជនសង្ស័យបានចូលទៅកាច់សោរម៉ូតូជនរងគ្រោះបញ្ឆេះជិះគេច​ខ្លួនឆ្ពោះទៅឃុំព្រែកតាមាក់ ។ លុះជិះបានប៉ុន្មានគីឡូម៉ែត្រម៉ូតូក៏អស់សាំង សមត្ថកិច្ចបាន​តាមទាន់ចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាម​នីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖