ភ្នំពេញ៖ ការចូលរួមរត់ប្រណាំងសប្បុរសធម៌ ដើម្បីកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដែលប្រារព្ទធ្វើឡើងជាលើកទីដំបូង រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពល សហការជាមួយក្រុមហ៊ុនឯកជន ក្នុងស្រុកនោះ ត្រូវបានលោក ប៉ែន វុទ្ធី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលបញ្ជាក់ថា មានអ្នកចូល រួមរត់រហូតដល់ទៅ២.០០០នាក់ចំនួននេះគឺលើសពីការរំពឹងទុកថា ការរត់ប្រណាំងទំនង់ជាមានអ្នកចូលរួមត្រឹកតែ១ពាន់៥រយនាក់ទៅ១ពាន់៦០០នាក់ប៉ុណ្ណោះ ។
លោក អគ្គលេខាធិការ បានបញ្ជាក់ថា ការរត់ប្រណាំងសប្បុរសធម៌ដើម្បីកម្ពុជានេះ ក្រៅពីប្រជាពលរដ្ឋកម្ពុជា សិស្សានុសិស្ស និស្សិត ក៏មានជនជាតិបរទេស ជិត១៩ប្រទេស ដូចជា ប្រទេសអូស្ត្រាលី, ជប៉ុន, ចក្រភពអង់គ្លេស, ប៊ែលហ្ស៊ិក ,សហរដ្ឋអាមេរិក, ហូឡង់, ឥណ្ឌា, សិង្ហបុរី, វៀតណាម, ថៃ, ហ្វីលីពីន, ស្វីស, អាឡឺម៉ង់, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, សាធារណរដ្ឋប្រជាមានិតចិន, ឥណ្ឌូនេស៊ី, ស្រីលាំងកា, និងប្រទេសនៅអ៊ីរ៉ង់ផងដែរ ។
នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ាន បូរ៉ាត អនុរដ្ឋលេខាំធិការក្រសួងអប់រំយុវជន និងកីឡា ដើម្បីចូលរួមអបអរសាទរ និងផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភីចំណាត់ថ្នាក់ ក្នុងប្រទេសវិញ្ញាសារ ២១គីឡូម៉ែត្រ និង១០គីឡូម៉ែត្រផងដែរ។ ក្នុងនោះ ចំណាត់ថ្នាក់ លេខ១ សម្រាប់វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០ដុល្លារ លេខ២ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ និងលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣០០ដុល្លារ ។
ដោយឡែកចំណាត់ថ្នាក់លេខ១ វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ, ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ១០០ដុល្លារ ចំពោះវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រ ពុំទទួលបានប្រាក់រង្វាន់នោះទេ ព្រោះវិញ្ញាសានេះ សម្រាប់ឲ្យប្រជាពលរដ្ឋ និងកុមារដែលចូលចិត្តការរត់ប្រណាំងដើម្បីសុខភាព និងកម្សាន្តសប្បាយជាលក្ខណៈក្រុមគ្រូសារ និងមិត្តភក្តិរបស់ពួកគេនៅថ្ងៃចុងសប្តាហ៍ ៕ សារីម