ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៤នាក់ របួសធ្ងន់ស្រាល៤នាក់ ដោយសារកាមរីបុកជាមួយរថយន្តក្រុងនៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៤នាក់បានស្លាប់កៀបជាប់នឹងរថយន្ត និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តកាមរីហើម បានជែងជាមួយរថយន្តដឹកទំនិញ ជ្រុលទៅបុករថយន្ត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០និង១២នាទីព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៤៨ និង៤៩ ចំណុចស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងឧប្បត្តិគ្រោះថ្នាក់ចរាចណ៍មានចំនួន៤នាក់ ១.ឈ្មោះផា រី ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ បាន សុបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ៣.ថន បុរី ភេទប្រុស អាយុ៨ឆ្នាំ និង ៤.ឈ្មោះ អូន ស្រីតូច ភេទស្រី អាយុ១៨ឆ្នាំ ។

ចំណែកឯអ្នករបួស ១.ឈ្មោះវ៉ូ គន្ធី ភេទស្រី អាយុ៥១ ២.ឈ្មោះ ថន ភារុំ ភេទប្រុស អាយុ២៣ឆ្នាំ ៣.ឈ្មោះផន ម៉ៃស៊ីម ភេទស្រី អាយុ១៤ឆ្នាំ និង ៤ .ឈ្មោះថន វីរៈបុត្រ ភេទប្រុស អាយុ២ របួសស្រាល ។ ជនរងគ្រោះទាំងអស់រស់នៅ ក្នុងភូមិ ម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តកាមរីហើមបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដែលពាក់ស្លាកលេខ ភ្នំពេញ 2A-5416 បើកបរដោយ បុរសម្នាក់ឈ្មោះ ផន ភារី អាយុ២២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង និងមានដឹកអ្នកដំណើរ ជាក្រុមគ្រួសារចំនួន៧នាក់ ក្នុងនោះបានបើកយ៉ាងលឿនជែងរថយន្តដឹកទំនិញធុនធំ១គ្រឿង ក៏ជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរ ម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9712 ក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹងបណ្តាលឲ្យរថយន្តកាមរីរួញខ្ទេច ស្លាប់មនុស្ស៤នាក់ និង របួសធ្ងន់ស្រាល៤នាក់តែម្តង ។

ចំពោះមធ្យោបាយបង្កទាំងអស់ត្រូវប៉ូលីសអូសយកទៅមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយទៅតាមច្បាប់៕ ចន្ថា


ចែករំលែក៖