ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧ និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។
មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ យឹម ពិសាល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1U-4983 ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អ៊ីន វ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1O-4362 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿងដោយល្បឿនលឿនឡើងជែងរថយន្តនៅខាងមុខ ខណៈនោះក៏ជ្រុលទៅបុកម៉ូតូឃ្លីកដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមបានដាច់ខ្យល់ស្លាប់តែម្តង ។ បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកលើកដែកធ្វើការវាស់វែង ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ