ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ មានអ្នកប្រដាល់វ័យក្មេង ២នាក់បន្ថែមទៀតហើយ ដែលឈ្នះកៅអីវគ្គ១៦នាក់ ក្រោយពីវាយឈ្នះដៃគូប្រកួតដោយពិន្ទុដូចគ្នានោះ ។ កីឡាករទាំង២នាក់ ដែលឈ្នះកៅអីវគ្គ១៦នាក់ ក្នុងសប្តាហ៍ទី៤ នៃការប្រកួតជម្រុះដំណាក់កាលទី១ ក្នុងចំណោមកីឡាករ៣២នាក់ ឈានទៅដណ្តើមពានរង្វាន់ និងថវិកាចំនួន៤ពាន់ដុល្លារអាមេរិក ពីកម្មវិធី TV5Nock Out series ទម្ងាន់៦៣.៥គីឡូក្រាម ។
កីឡាករ សំខាន់ ប៉ាវជិន មកពីក្លិប រ៉ាហាប់ស្វាយប៉ាក ប្រកួតឈ្នះកីឡាករ ណាក់ សុខា មកពីក្លិប សុភានូមានជ័យ ដោយពិន្ទុ ។ ការប្រកួតរបស់កីឡាករទាំង២នាក់ ត្រូវបានអ្នកទស្សនា បង្ហាញពីចំណាបអារម្មណ៍ថា ទោះបី សំខាន់ ប៉ាវជិនអាចយកឈ្នះលើកីឡាករ ណាក់ សុខា ក្នុងវគ្គជម្រុះដំណាក់កាលទី១ ក្នុងចំណោមកីឡាករ៣២នាក់ ក៏ដោយ ប៉ុន្តែមិនប្រកដថា ប៉ាវជិនអាចឆ្លងផុតដំណាក់កាលទី២ដែលមានកីឡាករជើងខ្លាំងចំនួន១៦នាក់នោះដែរ។ បើតាមស្ថានភាពប្រកួតជាក់ស្តែង រវាងកីឡាករ សំខាន់ ប៉ាវជិន និង ណាក់ សុខា ពួកគេមានកម្រិតបច្ចេកទេសលើសខ្វះគ្នាបន្តិចបន្តូចប៉ុណ្ណោះ ។
ដោយឡែកការប្រកួតរវាងកីឡាករ ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែង និងកីឡាករ ទេស ជីវ៉ា មកពីក្លិប កងពលតូចលេខ៧០ ត្រូវបានអ្នកគាំទ្រចាត់ទុកថា គឺជាការប្រកួត ប្រកបដោយថាមពល និងបទពិសោធន៍ ។ ប៉ុន្តែកីឡាករទាំង២នាក់ ត្រូវគណៈកម្មការដាក់ពិន្ទុជ្រើសយកតែម្នាក់ គឺអ្នកដែលមានពិន្ទុច្រើន ក្នុងការប្រកួតរយៈពេលពេញ៣ទឹកនោះ ទីបំផុត កីឡាករ ឡុង ឡា ទទួលបានជ័យជម្នះលើកីឡាករ ទេស ជីវ៉ា ដោយពិន្ទុប្រផុតប្រផើយ ។
យោងតាមរូបនមន្តប្រកួត របស់គណៈកម្មការរៀបចំការប្រកួតកីឡាប្រដាល់ ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបង្ហាញឲ្យដឹងថា សម្រាប់ការប្រកួតជម្រុះវគ្គ១៦នាក់ ដំណាក់កាលទី២ ទំនង់ជាការជួបគ្នា រវាងកីឡាករ កីឡាករ ឡុង ឡានិង កីឡាករសំខាន់ ប៉ាវជិន ៕ សារីម