ភ្នំពេញ: យុវតីម្នាក់ត្រូវបានឪពុកម្តាយនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប្តឹងយុវជនម្នាក់ពីបទចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់តែមិនបានសម្រេចក្រោយពេលម្តាយយុវតីរងគ្រោះបានដឹងរឿងអស់ទៅហើយនោះ ។
តាមសម្តីស្រី្តជាម្តាយយុវតីរងគ្រោះខាងលើបានប្រាប់រៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថាកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ រូបគាត់និងប្តីបាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្ត ព្រៃវែង ដោយទុកកូនស្រីគាត់ ដែលឈ្មោះ ស.រ.ស អាយុ១៥ឆ្នាំ និងកូនប្រុសគាត់ម្នាក់ទៀតឈ្មោះ សំ បារម្យ នៅបន្ទប់ជួល ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឲ្យចាំផ្ទះតែពីរនាក់បងប្អូន ។ លុះនៅវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែគាត់ទទួលទូរស័ព្ទពីកូនស្រីគាត់ទូរសព្ទប្រាប់ថា មានគេចាប់រំលោភនាង។ ក្រោយពេលឮដំណឹងនេះភ្លាម រូបគាត់និងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់មកភ្នំពេញវិញទាំងយប់។
ចំណែកយុវតីរងគ្រោះវិញបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានឮសំឡេងឆ្កែព្រុស នាងក៏បើកទ្វារចញមកមើលស្រាប់តែលេចមុខជនសង្សយ័ម្នាក់ ដែលជាមនុស្សស្គាល់មុខគ្នា តែពុំស្គាល់អត្តសញ្ញាណ បានមកចាប់ឱបថើបនាងយ៉ាងញក់ញី។ ខណ:នោះនាងបានប្រតាយប្រតប់ជាមួយ ជនសង្ស័យ ហើយឮដល់ បងប្រុសនាងបានចេញមកជួយធ្វើឲ្យជនសង្ស័យផ្អើល លើកខោរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុក៏មានម៉ូតូណៃហត របស់សមត្ថកិច្ច២គ្រឿង មានគ្នា៤នាក់បានជិះម៉ូតូមកសម្លុតបងប្រុសយុវតីរងគ្រោះ ហើយក៏ជិះម៉ូតូចេញទៅបាត់មិនដឹងជាសមត្ថកិច្ចខាងណានោះទេ។
ដោយឡែកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យវិញបានឲ្យដឹងថាក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានទទួលពាក្យបណ្តឹងពីម្តាយយុវតីរងគ្រោះរួចមកសមត្ថកិច្ចបានកោះហៅជនដែលត្រូវគេចោទថាចាប់រំលោភនារីរងគ្រោះមកសាកសួរ ទើបបែកធ្លាយដឹងថា នារីរងគ្រោះ និងជនសង្ស័យជាសង្សារនឹងគ្នា ហើយមុនពេលកើតហេតុយុវតីរងគ្រោះ បានឆាតតាមហ្វេសប៊ុក ហៅយុវជនខាងលើ(ជនសង្ស័យ)នេះ ចេញមកជួបគ្នានៅមុខបន្ទប់របស់នាង។ តែពេលយុវជននោះទៅដល់តាមការណាត់ជួបចៃដន្យបងប្រុសខាងស្រីឃើញបែបនេះ ក៏ចោទប្រកាន់ខាងប្រុសតែម្តងទៅ។ ចំណែកស្នាមជាំភ្លៅ និងដៃមុខមាត់របស់យុវតីខាងលើនេះ គឺស្នាមរបស់បងប្រុសនាងបានវាយបង្ខំក្តិចមួលឲ្យប្អូនស្រីប្តឹងសមត្ថកិច្ច ដោយសារតែរូបនាងមិនព្រមទៅប្តឹងតាមការបង្ខំរបស់បងប្រុសប៉ណ្ណោះ។
យ៉ាងណាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានត្រឹមធ្វើកំណត់ហេតុរួចបញ្ជូនសំណុំរឿងទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្ត ៕ ប្រាថ្នា