ក្រោយពេលអុីស្រាអែលបើកការវាយប្រហារទៅលើឃ្លាំងអាវុធ ដែលអុីស្រាអែលចាត់ទុកថាជាឃ្លាំងអាវុធរបស់អីរ៉ងទុកឲ្យក្រុមហេបូឡាស៍ប្រឆាំងនឹងអុីស្រាអែល ។ ពេលនេះ អុីរ៉ង់ និងស៊ីរីនៅតែបន្តសហការគ្នាលើផ្នែកយោធាដដែល ។
មេបញ្ជាការនៃប្រទេសអុីរ៉ង់ និងស៊ីរីបានប្រកាសថា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយោធារវាងគ្នា ដើម្បីប្រឈមមុខទៅនឹងការគំរាមកំហែងនានា ដែលបាននិងកំពុងកើតមានឡើង ។
គួរបញ្ជាក់ថា ការប្រកាសរវាងមេបញ្ជាការយោធា២រូប របស់អុីរ៉ង់ និងស៊ីរីនេះត្រូវបានធ្វើឡើងក្រោយពេលកើតមានការវាយប្រហារ ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ពីសំណាក់អុីស្រាអ៊ែល និងសហរដ្ឋអាមេរិកមកលើប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ ។
គួររំលឹកដែរថា អាមេរិកបានបាញ់មីស៊ីលប្រភេទ Tomahawk ចំនួន៥៩គ្រាប់ សំដៅទ័ពអាកាស Shayrat ភាគកណ្តាលស៊ីរី កាលពីខែមេសាកន្លងមក ដោយឡែកស៊ីរីក៏បានអះអាងដែរថា អុីស្រាអ៊ែលបានបាញ់ប្រហារសំដៅលើទីតាំងយោធាក្បែរអាកាសយានដ្ឋានទីក្រុងដាម៉ាសផងដែរ ។
សូមបញ្ចាក់ផងដែរថា តាមការអះអាងរបស់ក្រុមហេបូឡាស៍ ការវាយប្រហារតាមផ្លូវអាកាសរបស់អុីស្រាអែល គឺសំដៅទៅលើឃ្លាំងស្តុកប្រេង និងអាវុធនៅក្នុងមូលដ្ឋានទ័ពស៊ីរី ដែលស្ថិតនៅក្បែរព្រលានយន្តហោះក្រុងដាមាកាស ។ ក៏ប៉ុន្តែក្រុមហេបូឡាស៍ មិនបានបញ្ជាក់ឲ្យដឹងទេថា តើឃ្លាំងស្តុកអាវុធដែលរងការវាយប្រហារនេះ ជាឃ្លាំងរបស់ពួកគេ ឬក៏ជាឃ្លាំងរបស់កងទ័ពស៊ីរី ។
គួរបញ្ជក់ថា ក្រុមហេបូឡាស៍គឺជាចលនានយោបាយ និងប្រដាប់អាវុធអិស្លាមនៅលីបង់ តែជាសម្ពន្ធមិត្តរបស់របបដឹកនាំរបស់បាសា អាល់អាសាដ និងអុីរ៉ង់ ហើយបច្ចុប្បន្ននេះ ក្រុមប្រដាប់អាវុធហេបូឡាស៍កំពុងតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីជួយកងទ័ពលោកអាសាដក្នុងសង្រ្គាមទល់នឹងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច ៕ ម៉ែវ សាធី