ព័ត៌មានទាន់ហេតុការណ៍៖

បើកគោយន្តច្នៃពេលមេឃកំពុងភ្លៀង រអិលធ្លាក់ពីលើផ្លូវជាតិលេខ៥បោកប៉ាយប៉ានណូបណ្ដាលឲ្យមនុស្ស៨នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្ស៨នាក់បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីបើករថយន្តច្នៃ ពេលមេឃកំពុងភ្លៀងរអិលធ្លាក់ពីផ្លូវជាតិលេខ៥ បោកទៅនឹងគល់ប៉ាយប៉ាន់ណូ កាលពីវេលម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្ថានីយដឹកអ្នកដំណើរ ចំណត ខ្លីស៊ូជីង ឋិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ១-អ្នកបើកបរឈ្មោះ ថូ ប៊ុននធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិដូង ឃុំស្វាយមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង់ រងរបួសធ្ងន់ ។ ២-អ្នករួមដំណើរឈ្មោះ ចិន យ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិគង់ទុំ ឃុំពាម ស្រុកឯកភ្នំ ខេត្តបាត់ដំបង់ រងរបួសធ្ងន់ ។ ៣-ឈ្មោះ រ៉ាត់ រងរបួសស្រាល, ០៤-ឈ្មោះ សុង រងរបួសស្រាល, ៥-ឈ្មោះ ខា រងរបួសស្រាល, ៦-ឈ្មោះ មឿន រងរបួសស្រាល, ៧-ឈ្មោះ ហៃ រងរបួសស្រាល និង៨-ឈ្មោះ វិត រងរបួសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ មានគោយន្តកែច្នៃខាងលើគ្មានស្លាកលេខ បានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងកុងទ័រ៤០ ដោយមានភ្លៀង លុះទៅដល់ចំណុចកើតហេតុ រអិលដីដែលរថយន្តដឹកដីធ្លាក់តាមផ្លូវជាច្រើន ព្រោះម្ចាស់ក្រុមហ៊ុនមិនបានឈួសឆាយចេញពីផ្លូវជាតិលេខ៥ ធ្វើឲ្យរអិលជ្រុលចង្កូតធ្លាក់ប្រឡាយបោកទៅនឹងប៉ាយប៉ាន់ណូធ្វើឲ្យមនុស្សជិះលើគោយន្តច្នៃរងរបួសធ្ងន់ស្រាលតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចក្រុងប៉ោយប៉ែត បានជួយអន្តរាគមន៍យកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកដីថ្មី។ ចំណែករថយន្តឆ្នៃ (ខូចខាតធ្ងន់) យកទៅរក្សាទុកនៅប៉ុស្តិ៍ផ្សារកណ្តាល។

ចំពោះបញ្ហាខាងលើនេះ លោកវរៈសេនីយ៍ត្រីសៅ សារឿន អធិការរងក្រុងប៉ោយប៉ែតទទួលផែនចរាចរណ៍បានឲ្យដឹងថា លោកនឹងណែនាំដល់ក្រុមឈ្មួញរកស៊ីដឹកដីទាំងនោះ ដែលធ្លាក់អាចម៍ដីមកលើផ្លូវជាតិលេខ៥ បង្កផលប៉ះពាល់ផ្លូវសាធារណៈ និងអ្នកដទៃ ៕ វណ្ណា


ចែករំលែក៖