ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណ៣០ទៅ៤០គ្រួសារនៅក្រុងប៉ោយប៉ែតគ្រោងដាក់ពាក្យប្តឹងក្រុមហ៊ុនធ្វើផ្លូវឈ្មោះ SCR ទៅសាលាក្រុងប៉ោយប៉ែត យកប្រាក់ពួកគាត់ជិត១ឆ្នាំមិនធ្វើផ្លូវឱ្យពួកគាត់

ចែករំលែក៖

ខេត្តបន្ទាយមាជ័យ៖ ប្រជាពលរដ្ឋប្រមាណ៣០ទៅ៤០គ្រួសារ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិងគ្រោងដាក់ពាក្យប្តឹងក្រុមហ៊ុនធ្វើផ្លូវមួយមានឈ្មោះSCR នៅសាលាក្រុងប៉ោយប៉ែតដើម្បីឱ្យអាជ្ញាធរក្រុង ឱ្យជួយដោះស្រាយ។ ក្រោយពីប្រជាពលរដ្ឋបានរាយអង្គាសប្រាក់ផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងផ្ទះមួយល្វែងមួយគ្រួសារ៦០០ដូល្លា បង់ឱ្យក្រុមហ៊ុនធ្វើផ្លូវចាក់បេតុង ១ខ្សែមានប្រវែងប្រហែល៣០០ទៅ៤០០ម៉ែត្រ ជិត១ឆ្នាំទៅហើយ ខាងភាគីក្រុមហ៊ុនមិនឃើញមកធ្វើផ្លូវឱ្យពួកគាត់នោះឡើយ។គ្រាន់តែក្រុមហ៊ុនមកឈូសឆាយផ្លូវបានបន្តិចបន្តួច ប៉ុណ្ណោះ ហើយគេចបាត់តែម្តង។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដោយសារមានការលំបាកនៅរដូវខែវស្សាភ្លៀងធ្លាក់ជោគជាំធ្វើឱ្យផ្លូវខាងមុខផ្ទះរបស់ពួកគាត់ធ្វើដំណើរមានការលំបាកបំផុត ផ្លូវរងការខូចខាតពោរពេញដោយភក់ជ្រាំ និងមានជង្ហុកធំៗ ទើបពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋបាននាំគ្នារៃអង្គាសប្រាក់ផ្ទាល់ខ្លួន ក្នុងមួយគ្រួសារ៦០០ដុល្លារ សម្រាប់ផ្ទះមួយល្វែង គ្មានការចូលរួមថវិការបស់រដ្ឋនោះឡើយ ។ គ្រួសារខ្លះបានបង់ប្រាក់អស់៣ពាន់ដុល្លារក៏មានផងនោះទៀត ដោយសារតែគាត់មានផ្ទះល្វែងច្រើននៅទីនោះផងដែរ ។

ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ អាជ្ញាធរមូលដ្ឋាន ក្នុងនោះ ក៏មានការចូលរួមពីមេភូមិ ប្រជាការពារ ផងដែរបានធ្វើពិធីបើកការដ្ឋានកសាងផ្លូវបេតុងខាងមុខផ្ទះពយកគាត់នេះឡើង ។ នៅពេលនោះ គេឃើញក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសឆាយដីបានបន្តិចបន្តួចប៉ុណ្ណោះ ក្រោយមកស្រាប់តែក្រុមហ៊ុនដកគ្រឿងចក្រទៅវិញអស់មិនដឹងមូលហេតុ ។ លុះបាត់យូរពេក មិនឃើញក្រុមហ៊ុនមកធ្វើផ្លូវបន្តឱ្យពួកគាត់ ក៏នាំគ្នាទៅសួរខាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ។ នៅពេលនោះក្រុហ៊ុន និងមេភូមិគេសន្យាថា ចូលឆ្នាំខ្មែររួចហើយទើបចាប់ផ្តើមកសាងផ្លូវនោះឡើងវិញ ។ ក្រោយពីចូលឆ្នាំចប់ទៅហើយពួកគាត់នាំគ្នាទន្ទឹមរង់ចាំ ក៏មិនឃើញក្រុមហ៊ុនមកធ្វើផ្លូវឱ្យជាដដែល។ ដូច្នេះពួកគាត់គ្រោងនឹងដាក់ពាក្យប្តឹងក្រុមហ៊ុន SCR ទៅសាលាក្រុងប៉ោយប៉ែត ដើម្បីឱ្យអាជ្ញាធរក្រុងប៉ោយប៉ែតជួយដោះស្រាយ និងឱ្យក្រុមហ៊ុនសងប្រាក់ពួកគាត់មកវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកយកព័ត៌មានបានទំនាក់ទំនងភាគីក្រុមហ៊ុន SCR តាមទូរស័ព្ទឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ មិនអាចរកការសុំបានឡើយ ទូរស័ព្ទបានបិទ ។

ដោយឡែក លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជុំវិញបញ្ហាខាងលើ អាជ្ញាធរក្រុង កំពុងសម្របសម្រួលរវាងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយ ។ មូលហេតុដោយសារតែភាគីក្រុមហ៊ុន មិនបានសហការជាមួយនឹងអាជ្ញាធរក្រុង ហើយទៅសហការជាមួយមេភូមិដើម្បីធ្វើផ្លូវនោះឡើង ។ មេភូមិចេះតែអះអាងថា ធ្វើៗមិនបានប្រជុំជាមួយប្រពលរដ្ឋឱ្យបានស្រុះស្រួលគ្នា។ មានប្រជាពលរដ្ឋខ្លះមិនបានបង់ប្រាក់ និងមានប្រជាពលរដ្ឋមួយចំនួនបានបង់ប្រាក់រួចហើយ ប៉ុន្តែទើបតែបង់៥០ភាគរយប៉ុណ្ណោះ ។ ដូច្នេះទើបក្រុមហ៊ុនជាប់គាំង ។

សូមបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាពិសេសនៅតាមបណ្តាផ្លូវមួយចំនួននៅក្នុងក្រុងរងការខូចខាតពិបាកធ្វើដំណើរ ត្រូវគេមើលឃើញថា ប្រជាពលរដ្ឋតែងតែបានរួមចំណែករៃអង្គាសប្រាក់ប្រើប្រាស់ថវិកាខ្លួនឯង រួមគ្នាកសាងផ្លូវចាក់បេតុងឡើង ដើម្បីសម្រួលការធ្វើដំណើររបស់ពួកគាត់ផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖