ភ្នំពេញ: នគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ២ ជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ដោយមានការសង្ស័យ ទើបដេញតាមសួរតែជនសង្ស័យខាងលើភ័យ បានបើករត់រហូតដេញចាប់បានមកវិញកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆែកឆេររកឃើញថ្នាំញៀន ២ កញ្ចប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ បូរ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សនៅសាលាគោកបញ្ជាន់ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជនសង្ស័យទី២ឈ្មោះ សាន់ សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុនរបរអ្នកលក់បង្អែម ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌមានជ័យ បានចុះល្បាតនៅក្នុងមូលដ្ឋាន លុះដល់ចំណុចស្ពានទី៣ ក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុន ក៏ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង មានស្លាកលេខ ភព (ឃ)២២៨៦ក៏ បានហៅសួរ តែជនសង្ស័យមិនព្រមឈប់បែរជាជិះម៉ូតូរត់ ធ្វើឲ្យ កម្លាំងសមត្ថកិច្ចសង្ស័យជាសមាសភាពមិនល្អ ក៏បានដេញតាមរហូតមកដល់ចំណុចកើតហេតុខាងលើ ទើបចាប់បានយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ដោយសារនៅក្នុងខ្លួនមានលាក់ថ្នាំញៀន២កញ្ចប់ហើយពេលពួកគេបានឃើញសមត្ថកិច្ច ភ័យពេកក៏ជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមចាប់ទាន់រហូតធ្វើឲ្យម៉ូតូរបស់ពួកគេជ្រុលទៅបុកជាមួយនឹងម៉ូតូសមត្ថកិច្ច ដួលហើយត្រូវសមត្ថកិច្ចចាប់បានតែម្តង ចំណែកថ្នាំញៀនវិញរូបគេបានបោះចោលបាត់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ តែដោយកើតហេតុនៅខាងដឹកដីសង្កាត់បឹងទំពុន សមត្ថកិច្ចបាន ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍នេះចាត់ការតាមច្បាប់វិញ ៕ ប្រាថ្នា