ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៩២៨ កែងនិងផ្លូវ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ឌឿក ផល្លីសិរីយ៉ានិត្យ ហៅនិត្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្ត្រីជាជនរងគ្រោះមានឈ្មោះរស់ ចិន្តា អាយុ៧៤ឆ្នាំ មុខរបរប្រធានអង្គការលើកស្ទួយសុខមាលភាពជនក្រីក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកោះចូរាម ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកវីណូតែម្នាក់ឯង ធ្វើដំណើរទៅលេងផ្ទះកូននៅភូមិត្រពាំងល្វាខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដោយជិះចេញពីបុរីបេងហួតភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩២៨ ទិដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិក១គ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ១គ្រឿង មិនចាំស្លាកលេខ ហើយជនសង្ស័យអ្នកជិះម៉ូនិកម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ខ្មៅ ពីជនរងគ្រោះដែលកាបូបនោះ ជនរងគ្រោះព្យួរនៅស្រយ៉ូវម៉ូខាងមុខមិនបានសម្រេច ហើយក៏ទាក់ដៃម៉ូតូដួលបណ្តាលឱ្យជនរងគ្រោះរងរបួសជង្គង់ខាងស្តាំ ខណៈនោះប្រជាពលរដ្ឋស្រែកថា ចោរៗដឹងដល់សមត្ថកិច្ចល្បាតឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀត បានលើកម៉ូតូជិះគេចខ្លួនបាត់អស់ ។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖