ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ទទួលបានថវិកាសរុប៣១ម៉ឺន២ពាន់៣០០ដុល្លារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង លោកលោកស្រីក្រុមការងារថ្នាក់ជាតិចុះមូលនៅខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក វិស័យឯកជន សប្បុរសជន យុវជនកាកបាទក្រហម កាយរិទ្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រមាណជាង ៤០០នាក់ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ។

ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថាគ្រោះធម្មជាតិដែលបង្ករឡើង ដោយកាប្រែប្រួលអាកាសធាតុ នេះពិតជាគម្រាមកំហែង ដល់ជីវភាពរស់នៅ របស់មនុស្សជាតិ លើពិភពលោក រួមទាំងប្រទេសកម្ពុជា យើងផងដែរ ដូចជាយើងឃើញជារឿងៗ នូវបាតុភូត ខ្យល់ព្យុះ(កន្ក្រាក់)អគ្គីភ័យ រន្ទះបាញ់ គ្រោះរាំងស្ងួត និងទឹកជំនន់។

លោក ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជនទាំងអស់ សូមមេត្តាបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ក្នុងនាមអង្គភាព ក្រុមហ៊ុនវិស័យឯកជន អាជីវករដើម្បីចូលរួម ចំណែកឧបត្ថមគាំទ្រ សកម្មភាពកាកបាទក្រហមកម្ពុជា នៃសាខាខេត្តស្វាយរៀង យើងបន្តទៀត។

ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា និងរូបលោកនាយឧត្តមសេនីយ៍ផ្ទាល់ សូមផ្តាំផ្ញើរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍ គ្រោះមហន្តរាយផ្សេងៗ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងត្រូវដោះស្រាយ និងជួយអន្តរគមន៍ អោយបានទាន់ពេល។

ដោយឡែក នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមវិភាគទានជាថវិកាពីលោក លោកស្រី និងសប្បុរសជននានា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ដែលថវិកាទទួលបានសរុប ចំនួន៣១ម៉ីន២ពាន់៣០០ដុល្លាផងដែរ ៕ យឹម សុថាន


ចែករំលែក៖