ខេត្តព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងបានរងនឹងអគ្គិភ័យឆាបឆេះទាំងស្រុងនិងបណ្តាលឲ្យកូនប្រុសម្នាក់រងរបួស ខណៈភ្លើងកំពុងឆេះរត់ចូលទៅយកលេបថបនៅខាងក្នុង។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅក្រោយអនុវទ្យាល័យសម្តេចឪ ស្ថិតនៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
បើតាមម្ចាស់ផ្ទះឈ្មោះដាង សេង ភេទប្រុស អាយុ៧៤ឆ្នាំ បានឲ្យដឹងថា អគ្គិភ័យឆេះផ្ទះរបស់គាត់នេះកើតឡើងដោយសារទុស្សេចរន្តអគ្គិសនីផ្តើមចេញពីជាន់ខាងលើ។ គាត់បន្តទៀតថា ផ្ទះដែលឆេះនេះសាងសង់ពីថ្មក្រោម ឈើលើ ប្រកស៊ីប្រូ មានទំហំ៤គុណ៧ម៉ែត្រ ហើយសម្ភារនៅក្នុងផ្ទះបានឆេះទាំងស្រុង។
ម្ចាស់ផ្ទះខាងលើនេះបានបញ្ជាក់ថា កូនប្រុសគាត់ម្នាក់ឈ្មោះសេង ចាន់ព័រ អាយុ២៥ឆ្នាំ មុខរបរជានិសិត្សបានរងរបួសស្រាលផងដែរ ខណៈដែលភ្លើងកំពុងឆាបឆេះកូនប្រុសរបស់គាត់បានរត់ចូលទៅយកលេបថប ។
បើតាមអ្នករស់នៅក្បែរខាងបានឲ្យដឹងដែរថា នៅក្រោយពីមានហេតុការណ៍នេះកើតឡើងគេបានសង្កេតឃើញរថយន្តទឹកចំនួន៤គ្រឿងចេញពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងឡានទឹកមកពីអង្គភាពផ្សេងទៀតបានមកជួយបាញ់ទប់ស្កាត់ភ្លើងផងដែរ ប៉ុន្តែដោយសារអំណាចភ្លើងឆេះពេញបន្ទប់មិនអាចគ្រប់គ្រងជួយដល់ផ្ទះជួបគ្រោះថ្នាក់នេះបានទេ តែបានទប់ស្កាត់កម្លាំងភ្លើងមិនឲ្យឆាបឆេះទៅផ្ទះក្បែរៗនោះប៉ុណ្ណោះ។
ចំពោះករណីនេះដែរ គេនៅពុំទាន់ដឹងថា ទំហំនៃការខូចខាតទ្រព្យសម្បត្តិមានចំនួនប៉ុន្មាននោះទេ តែយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចប្រចាំដែនដីបានស្វាសស្វែងរឿងនេះក្នុងប្រយោជន៍រកជំនួយដល់គ្រួសារជនរងគ្រោះ៕ ឆ្លាម សមុទ្រ