ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីធ្វើការយប់ជ្រៅ ត្រូវក្រុមជនសង្ស័យស្ទាក់ប្លន់យកម៉ូតូ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីធ្វើការសំណង់យប់ជ្រៅ ក៏ត្រូវបានក្រុមជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារបុរសរងគ្រោះដឹងគេចខ្លួនទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវបេតុង (ផ្លូវសេះ ស ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសរងគ្រោះខាងលើមានឈ្មោះ ឈួរ ឈយ អាយុ៤៣ឆ្នាំ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរូបគាត់ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL.9156 ។

តាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ នៅវេលាម៉ោងរំលងអធ្រាត្រ រូបគាត់បានចេញពីធ្វើការសំណង់នៅម្ដុំព្រលានយន្តហោះពោធិ៍តុង ដោយជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង សេះ ស បំណងមកផ្ទះវិញ ខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមបានអង្គុយផឹកស៊ីនៅជាប់ចញ្ចើមផ្លូវក្បែរនោះ ហើយបានចេញមកស្ទាក់ពីមុខ និងយកដំបងវៃចំម៉ូតូផ្នែកក្បាល បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អ មិនចំបុរសរងគ្រោះនោះទេ ភ្លាមៗ បុរសរងគ្រោះខាងលើមិនបានភ័យស្លន់ស្លោឈប់ម៉ូតូនោះទេ គឺរូបគាត់បានមូរហ្គែរបន្ថែមទៅមុខទៀតដើម្បីគេចខ្លួនរហូតបានសុវត្ថិភាព ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះខាងលើបានជិះម៉ូតូប្រញាប់ទៅប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ដើម្បីចាប់ក្រុមជនសង្ស័យទាំងនោះ តែពេលដែលសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងនោះបានគេចខ្លួនបាត់អស់ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានឲ្យបុរសរងគ្រោះខាងលើទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដែរ តែបុរសរងគ្រោះរូបនោះបដិសេធ ដោយរង់ចាំព្រឹកថ្ងៃទី៥ ខែឧសភា បានទៅដាក់ពាក្យបណ្ដឹងវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖