ព័ត៌មានទាន់ហេតុការណ៍៖

គួរអាសូរណាស់! យាយជីម្នាក់ដេកឆ្អើរភ្លើងបាក់គ្រែធ្លាក់ចូលភ្នួក់ភ្លើងឆេះស្លាប់យ៉ាងវេទនា

ចែករំលែក៖

ខេត្តកណ្តាល៖ យាយជីម្នាក់ដែលរក្សាសីល១០ ស្នាក់នៅក្នុងវត្តពោធិ៍ញៀន (ហៅវត្តអាស្រម) ឋិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលមរណភាពយ៉ាងវេទនា ដោយសារភ្លើងឆេះឡើងខ្លោចខ្លួន ខណៈរូបគាត់ដេកឆ្អើរភ្លើងនៅក្នុងតូប កាលពីវេលោម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។

តាមប្រភពពីព្រះសង្ឃព្រះនាម មឿនពន្លឺ ដែលត្រូវជាកូនលោកយាយបានមានសង្ឃដីកាប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា លោកយាយដែលត្រូវជាញោមរបស់ព្រះអង្គ មានឈ្មោះ កោះ ណារិន មានព្រះជន្ម ៦៨វស្សា មានស្រុកកំណើតនៅភូមិលើ ឃុំព្រែកអញ្ចាញស្រុកមុខកំពូល បច្ចុប្បន្ន បួសជាយាយជីក្សាសីល១០ នៅក្នុងវត្តពោធិញៀននេះឯង ដែលមានរយៈពេលជា១០ឆ្នាំកន្លងមកហើយ ។

ព្រះអង្គ មឿនពន្លឺដែលត្រូវជាកូនពៅរបស់លោកយាយបានមានសង្ឃដីកាបន្តថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកយាយមានអាការរោគក្តៅរងារជាប្រចាំហើយតែងតែឆ្អើរភ្លើងរៀងរាល់យប់រហូត ព្រះអង្អរកឧសមកទុកដុតកម្តៅឲ្យលោកយាយ តែចៃដន្យនៅយប់កើតហេតុ រនាបគ្រែបានបាក់ចូលទៅក្នុងភ្លើង ហើយគាបធ្វើឲ្យលោកយាយរើខ្លួនពុំរួច ក៏ឆេះខ្លោចខ្លួនស្លាប់យ៉ាងវេទនា ។

បច្ចុប្បន្នត្រូវបានកូនចៅរបស់លោកយាយយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា សពលោកយាយត្រូវបានយកទៅបូជានៅឈាប្បនដ្ឋានវត្តព្រែកអញ្ចាញនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះដែរ លោកចៅអធិការវត្តបានជួយបច្ច័យផ្ទាល់ខ្លួនព្រះអង្គចំនួនដប់ប្រាំម៉ឺនរៀល ចំណែកលោកគង់ អៀង ក៏បានជួយជាបច្ច័យចំនួន២០ម៉ឺនរៀលជូនដល់សពលោកយាយផងដែរ ៕ ឡូ សំអាត


ចែករំលែក៖