ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទធំៗដូចជារុញជន,រុញស៊ីប, អូសយ៉ាំងកាវដោយប្រើកម្លាំងម៉ាស៊ីនកើតពេញផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនៅឃុំពាម បាង ស្រុកស្ទោង ខេត្តកំពង់ធំ បាននិយាយ ថា បទល្មើសនេសាទទ្រង់ទ្រាយធំ ស្ទើរពេញ បឹងទន្លេសាប ស្ថិតនៅក្នុងដែនសមត្ថកិច្ច រដ្ឋបាលជលផលសង្កាត់ពាម និងផ្នែកផាត់ សណ្ដាយ គឺសមត្ថកិច្ចហាក់ប៉ក់ល្វើយក្នុងការបង្ក្រាប ។

ប្រជាពលរដ្ឋអ្នកនេសាទលក្ខណៈគ្រួសារបានបន្តថា បច្ចុប្បន្នបទល្មើសនេសាទ ដែលកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនោះមានដូចជា រុញជន រុញស៊ីប បំពាក់ ដោយកម្លាំងម៉ាស៊ីន និងការអូសយ៉ាំងកាវ ហើយយ៉ាំងកាវនេះមានខ្នាតធំ ដោយមាន បំពាក់ឧបករណ៍ឆក់ផង ។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា បទល្មើសនេសាទទាំងនេះ ពុំមែនទើប តែកើតមាននោះទេ គឺកើតមានយូរណាស់ មកហើយនាអំឡុងខែមីនា ហើយជន ប្រព្រឹត្ត ភាគច្រើន អ្នករស់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងនៅ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ហួន សុផល នាយសង្កាត់រដ្ឋ បាលជលផលពាមបាង និងលោកយ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់ សណ្ដាយ មិនអាចសុំការពន្យល់ពីព័ត៌មានខាងលើនេះបានឡើយ ដោយគ្មានលេខ ទូរស័ព្ទ ខណៈមានប្រភពព័ត៌មានផ្សេង មួយទៀតបានដឹងថា ក្នុងចំណោមបទល្មើស ទាំងនោះ មានបទល្មើសយ៉ាំងកាវចំនួន៣ គ្រឿងទៀតធ្វើសកម្មភាពនៅមុខផ្សោត ក្នុងឃុំពាមបាង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ហើយត្រូវបានបង្ក្រាប ដោយសមត្ថកិច្ចជលផលផ្នែកផាត់សណ្ដាយ ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្តកំពង់ ធំ លោក សុខ លូ ។

ប្រជាពលរដ្ឋបាននិយាយចំអកថា ការ បង្ក្រាបនេះគ្រាន់តែជាល្បែងថ្ពឹនភ្នែកតែ ប៉ុណ្ណឹង ឬអាចនិយាយថា ទឹកដល់ច្រមុះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយពីបទល្មើសជាក់ស្ដែង ហើយដឹងដល់អភិបាលខេត្ត​កំពង់ធំ ទើបមានការបញ្ជាឲ្យបង្ក្រាប កុំអី​សមត្ថកិច្ច និងមន្ដ្រីជំនាញប្រចាំការនៅតំបន់នេះមិនយកភ្នែកមើលពីបទល្មើសឡើយ ៕ សហការី


ចែករំលែក៖