ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី៣នាក់ក្លាយជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍បើករថយន្តបុកគូថរថយន្តដឹកឈើស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុស-ស្រី៣នាក់បានក្លាយទៅជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍ត្រីបើករថយន្តម៉ាកហ្វដបោះពួយបុកគូថរថយន្តដឹកឈើស្លាប់ ។ ករណីគ្រោះថ្នាក់ចរា​ចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចដេប៉ូលក់ឈើយីហោ ស្រី មុំ តាមបណ្តោយផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រីដែលស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឈ្មោះ ទៀវ ស៊ីណាត ភេទប្រុស អាយុ​៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជិះរថយន្តម៉ាកហ្វដ ២បាំង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-8455 ។ ចំនែក ។ ចំណែកថយន្តដឹកកូនឈើម៉ាក​​ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-2883 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុលោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត បានបើកបររថយន្តរបស់ខ្លួនម៉ាកហ្វដ តាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីក្រុងតាខ្មៅ​ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលកំពុងចតនៅលើចិញ្ចើមផ្លូវ ដើម្បីទម្លាក់កូនឈើចូលក្នុងដេប៉ូលក់ឈើយី​ហោ ស្រី មុំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យរថយន្តម៉ាកហ្វដរងការខូចខាតមួយចំហៀងទាំងស្រុង និងបណ្តាលឲ្យលោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។

ប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ ទៀវ ស៊ីណាត មានប្រពន្ធ​និងកូនតូចៗ៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។ នៅយប់កើតហេតុ លោក ទៀវ ស៊ីណាត និងមិត្តភ័ក្របានទៅចូលរួមក្នុងពិធីមង្គលការមួយនៅឯកោះពេជ្រ ។ បន្ទាប់ពីពិសាភោជនីអាហាររួច លោក ទៀវ ស៊ីណាត បានបើករថយន្តជូនមិត្តភ័ក្រទៅផ្ទះនៅសង្កាត់តាខ្មៅ ទើបបត់ត្រឡប់ក្រោយទៅលំនៅឋានវិញ ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករថយន្តដឹកកូនឈើតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយភាគីរថយន្តដឹកកូនឈើ ដែលបានចតនៅលើចិញ្ចើមផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញា និងគ្មានដាក់ភ្លើងបំភ្លឺ ។ ដោយឡែកអ្នកបើកបររថយន្តហ្វដ បើកបរ​ក្នុងល្បឿនលឿន ។ បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពលោកឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖